សមត្ថកិច្ចការពារព្រំដែនកម្ពុជា និងថៃ ប្រឈមមុខតានតឹងដាក់គ្នារឿងចំការដំឡូង(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2019 ក+ ក-

ខេត្តបន្ទាយមានជ័យៈ សមត្ថកិច្ចការពារព្រំដែនកម្ពុជា និងសមត្ថកិច្ចការពារព្រំដែនថៃ ប្រឈមមុខតានតឹងដាក់គ្នានៅពេលសមត្ថកិច្ចថៃយកត្រាក់ទ័របម្រុងឈូសឆាយដំឡូងមីរបស់កសិករខ្មែរ នៅតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យកម្ពុជាឈមនិងខេត្តស្រះកែវប្រទេសថៃ។

សភាពការណ៍តានតឹងដាក់គ្នារវាងសមត្ថកិច្ចកម្ពុជានិងថៃបានធូរស្រាលឡើងវិញក្រោយសមត្ថកិច្ចទាំង២បានឯកភាពគ្នាឱ្យកសិករខ្មែរដកដំឡូងមីចេញ។កសិករខ្មែរ២គ្រួសារបានបង្ខំចិត្តដកដំឡូងមីទាំងមើមមិនទាន់ដាក់ម្សៅខណៈដែលប៉ូលីសការពារព្រំដែនថៃកងរយលេខ១២៦មានគ្នាប្រមាណប២៩នាក់បានយកត្រាក់ទ័រ១គ្រឿងបម្រុងឈូសឆាយកំទេចចោលដោយប៉ូលីសថៃចោទពលរដ្ឋខ្មែរនោះថាបានដាំដំឡូងមីលើដីបន្ទាត់ព្រំដែនមិនទាន់ច្បាស់លាស់ខណៈនោះគេឃើញមាននគរបាលការពារព្រំដែនលេខ៩១១និងយោធាការពារព្រំដែនលេខ៥០៣របស់កម្ពុជាប្រមាណ១៥នាក់បានចុះទៅរារាំងមិនឱ្យប៉ូលីសថៃយកត្រាក់ទ័រទៅឈូសឆាយដំឡូងមីពលរដ្ឋខ្មែរនោះឡើយ។

ការប្រឈមតានដាក់គ្នារវាងសមត្ថកិច្ចព្រំដែនកម្ពុជានិងថៃបានធូស្បើយមកវិញ ដោយភាគីទាំង២ជជែករកដំណោះស្រាយលើស្មារតីយោគយល់គ្នា ដោយឯកភាពតម្រូវឱ្យពលរដ្ឋខ្មែរដកដំឡូងមីនោះចោល ហើយកសិករខ្មែរក៏បានយល់ព្រមដកដំឡូងមីនោះចោលមិនឱ្យលើសពីមួយអាទិត្យនោះឡើយ.

បញ្ហានេះដោយមុនដំដូងសមត្ថកិច្ចថៃទាមទារកសិករខ្មែរដកដំឡូងមីចោលជម្រៅ១៥០ម៉ែត្រប្រវែង៥៥០ម៉ែត្ររ៉បតាមផ្លូវគ្រួសក្រហមដែលកសាងឡើងដោយភាគីថៃនោះក្រោយមកបានឯកភាពគ្នាឱ្យដកជម្រៅ៥០ម៉ែត្រប្រវែងបណ្តោយ៥៥០ម៉ែត្រ។ហេតុការណ៍នោះកើតឡើងកាលពីរសៀលថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩នៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ៤២និង៤៣ក្នុងភូមិល្បើកស្វាយឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យឈមទឹកដីថៃភូមិណងយ៉ាកែវឃុំគោកធ្យូងស្រុកគោកធ្យូងខេត្តស្រះកែវប្រទសថ៕