បន្ទាយមានជ័យ ៖ ក្មេងៗចំនួន៤នាក់ កំពុង ជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ ខណៈស្ត្រីជាម្តាយ បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។ ហេតុការណ៍ស្លាប់និងកំពុងជួយសង្គ្រោះនេះ ត្រូវបានគេរាយការណ៍ថាគឺបណ្តាលមកពីហូបត្រីក្រពត។
លោក កែវ សុភ័ក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា លោកបានទទួលបានព័ត៍មានពីការពុលនេះភ្លាម នៅរសៀលម៉ោង៥.០០ថ្ងៃទី១៧ ខែកុម្ភៈ ២០១៩ លោកបានចុះពិនិត្យ និងអោយក្រុមគ្រូពេទ្យសង្រ្គោះ និងពិនិត្យព្យាបាលយ៉ាងយកចិត្តទុក្ខដាក់ ដែលរហូតដល់ម៉ោង ៧៖១០នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានដាក់បទបញ្ជា ដល់ក្រុមគ្រូពេទ្យត្រូវទទួលការតាមដានយ៉ាងហ្មត់ចត់ ដោយបញ្ជូនព័ត៌មានតាមប្រពន្ធ័ Hot Line មក RRT PHD ក្នុងការរកវិធីសង្គ្រោះ ដែលជម្រើសចុងក្រោយ គឺបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ។
លោកបានបង្ហោះក្នុងហ្វេសប៊ុកលោកថា អ្នកជំងឺដែលកំពុងសង្គ្រោះករណីពុលត្រីក្រពត នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានចំនួន៥នាក់ (កូន៤) ក្នុងនោះ ស្ត្រីជាម្តាយ បានទទួលមរណភាពនៅពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត ។
សូមជម្រាបថា នេះជាលើកទី៣ ហើយ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលអ្នកស្រុកមិនបានដឹង ឬមិនរាងចាលក្នុងការបរិភោគត្រីក្រពត បណ្តាលអោយពុលស្លាប់ នៅភូមិស្រះគោគ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។ ជាមួយគ្នានោះអាជ្ញាធរ បានអំពវានាវ សូមបងប្អូនកុំបរិភោគជាដាច់ខាតនូវគ្រប់ប្រភេទត្រីក្រពត៕