ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ដែលពាក់ឯកសណ្ឋានជាមន្រ្តីយោធា ពាក់ស័ក្ត៥លើស្មា បានដើរចូលទៅសុំលុយព្រះសង្ឃមិនបាន ហើយក៏បង្កហេតុ ធ្វើអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ ចុះមកអន្តគមន៍ភ្លាមៗ។
ហេតុការណ៍នេះបានមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បុរសស័ក្ត៥ខាងលើ ដែលពាក់សំលៀកបំពាក់ជាមន្រ្តីយោធា ឈ្មោះ អ៊ុ ណាត អត្តលេខ 230581។
ប្រភពព័ត៌មានពីពូម៉ូតូឌុបនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលបុរសវ័យចំណាស់ខាងលើនេះ ដែលមានសំលៀកបំពាក់ជាមន្រ្តីយោធារូបនេះតែងតែចូលទៅសុំលុយព្រះសង្ឃនៅក្នុងវត្តនេះ តែថ្ងៃនេះ ប្រហែលជាសុំមិនបាន ទើបអុកឡុកបង្កហេតុនៅក្នុងវត្ត ទើបនាំគ្នារាយការណ៍ជូនទៅអាជ្ញាធរតែម្តង។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងទៀតថា បុរសខាងលើនេះ សង្ស័យសតិមិនប្រក្រតី ទើបនិយាយមិនដឹងខុសត្រូវ ហើយក៏មិនមានអ្នកណាស្គាល់ដែល ២-៣ថ្ងៃតែងតែឃើញមកចូលក្នុងវត្តនេះសុំលុយលោកសង្ឃម្តង តែលើកនេះ សង្ស័យសុំលុយលោកមិនបានទើបបង្កអោយមានធ្វើអោយមានការភ្ញាក់ផ្អើលបែបនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចកិច្ចមូលដ្ឋានរួមទាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចុះទៅដល់កន្លែងកើតហេតុរួចក៏បានសួរនាំ ទើបដឹងថា បុរសខាងលើនេះពិតជានិយាយមិនដឹងខុសត្រូវពិតប្រាកដមែន ហើយសមត្ថកិច្ចបានអោយលុយចំនួន១០,០០០រៀលទើបព្រមចាកចេញពីវត្តបាត់ទៅ៕