ភ្នំពេញ ៖ អាស្រ័យដោយទំនាក់ទំនងល្អរវាងកម្ពុជាជប៉ុន និងការមានទំនុកចិត្តកាន់តែកក់ក្តៅ ឡើងពីសំណាក់អ្នកវិនិយោគទុនជប៉ុនធ្វើឲ្យទំហំនៃការវិនិយោគរបស់ជប៉ុនបានកើនឡើងខ្លាំង ពោលគឺកើនឡើងពី ៦៣លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៧ ដល់ ៨៨០លានដុល្លារអាមេរិកនៅឆ្នាំ២០១៨ ហើយទំហំនៃការវិនិយោគនេះនឹងមានការកើនឡើងបន្ថែមនាពេលអនា គត។
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ូជិ ក្នុងកិច្ចប្រជុំលើក ទី១៧ នៃគណៈកម្មាធិការចំរុះកម្ពុជាជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជម្រុញ និងការការពារវិនិយោគនៅទីស្តីការក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២០ កុម្ភៈ នេះមានប្រសាសន៍ថា៖ ឯកឧត្តមពេញចិត្ត ចំពោះការលុបចោលកាំកុងត្រូលនៅតាមព្រំដែន និងអង្គភាពកាំសាបជាដើម ដែលវាអាចជា ការរួមចំណែកបន្ថែមទៀតនៃកំណើនវិនិយោគរបស់ជប៉ុននៅកម្ពុជា។ លោកបន្តថា យើង នឹងសហការគ្នាក្នុងការដោះស្រាយបញ្ហានានា និងបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាយកចិត្ត ទុកដាក់ក្នុងការស្តាប់មតិនានារបស់ក្រុមហ៊ុនជប៉ុន។
ដោយឡែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានសម្រេចលុបចោល ទាំងស្រុងនូវការឈរជើងរបស់មន្ត្រីកាំកុងត្រូលនៅតាមច្រកព្រំដែន កំពង់ផែ តំបន់សេដ្ឋកិច្ច ពិសេស ព្រលានយន្តហោះ។ល។ ហើយរាល់ការត្រួតពិនិត្យទៅលើមុខទំនិញនាំចូល នាំចេញ នឹងត្រូវធ្វើដោយអង្គភាពតែមួយគត់ នោះគឺភ្នាក់ងារនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករតែម្តង។
ពួកគេត្រូវពិនិត្យចំពោះភាពស្របច្បាប់នៃទំនិញនាំចេញ នាំចូលនោះ ដើម្បីគិតពីអត្រាពន្ធ ក្នុងករណីត្រូវមានការបង់ពន្ធ ហើយនៅពេលមានការកត់សម្គាល់ពីភាពមិនប្រក្រតីពាក់ព័ន្ធ
ទៅលើគុណភាពទំនិញ នៅពេលនោះភ្នាក់គយនឹងអញ្ជើញមន្ត្រីកាំកុងត្រូលមកពិនិត្យអំពី
គុណភាពទំនិញនោះ នេះមានន័យថា ការងាររបស់កាំកុងត្រូលនៅតែមាន តែមិនមែននៅ
ប្រចាំការត្រួតពិនិត្យរាល់ទំនិញនាំចេញ នាំចូល នៅតាមច្រកព្រំដែន កំពង់ផែ តំបន់សេដ្ឋកិច្ច ពិសេស ព្រលានយន្តហោះនោះទៀតទេ៕