ភ្នំពេញ ៖ ដើម្បីលើកកំពស់សោភ័ណ្ឌភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់ សម្រាប់អ្នកថ្មើរជើង ឱ្យបាន ល្អ ប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការឺឡាថ្មី នៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពី មណីយដ្ឋាន វត្តភ្នំដល់ វិមានឯករាជ្យ ហើយគម្រោងនេះ ក៏មានការរៀបចំតម្រាយផ្លូវសម្រាប់ជន ពិការផងដែរ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយការស្ថាបនារួចរាល់ គេនៅតែឃើញមាន នៅមុខផ្ទះ ប្រជាពលរដ្ឋ និងនៅតាមមុខបណ្តាក្រុមហ៊ុន គ្រឹះស្ថាន មួយចំនួន មិនបានចូលរួមសហការជាមួយរដ្ឋបាលរាជ ធានី ភ្នំពេញឡើយ ដោយយករថយន្តទៅចតពាសពេញ លើការ៉ូឡាថ្មី និងចិញ្ចើមផ្លូវទាំងនោះដែល ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរថ្មើជើងនៅឡើយ។
នៅក្រោយពេលរៀបចំការ៉ូឡាថ្មី និងចិញ្ចើមផ្លូវរួចរាល់ អ្នកយកព័ត៌មានយើង បានផ្តិតយករូបភាព ជាច្រើន ពីការចតរថយន្ត និងម៉ូតូ នៅតាមចិញ្ចើមផ្លូវថ្មី នៃមហាវិថី ព្រះនរោត្តម ទាំងសងខាង ចាប់ ពីស្ពាននាគ រហូតដល់វិមានឯករាជ្យ ដែលរដ្ឋបាលរាជធានី បានរៀបចំទុកឲ្យអ្នកថ្មើរជើងដើរ។ ភាគច្រើន នៃអ្នករំលោភចំណីផ្លូវទាំងនោះមានដូចជា នៅមុខក្រុមហ៊ុនទិញលក់រថយន្ត មុខហាង កាហ្វេ មុខធនាគារ មុខសាលារៀន និងនៅមុខឱសថស្ថានជាដើម។
រាល់សកម្មភាពរំលោភយកចិញ្ចើមផ្លូវខាងលើនេះ គេមិនទាន់ឃើញ អាជ្ញាធរខណ្ឌ ដូនពេញ និង កម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការអ្វីនៅឡើយទេ ឬ មួយក៏អាជ្ញាធរ មានសមត្ថកិច្ច នៅ ថ្នាក់មូលដ្ឋាននេះ ខ្លាចបុណ្យសក្តិ ឬ មានហេតុផលអញវីផ្សេង ទើបមិនចូលរួមរៀបចំលើ គម្រោង នេះ ។
ដើម្បីលើកកំពស់សោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់អ្នកថ្មើរជើង ឱ្យបានល្អ ប្រសើរ នៅតាមបណ្តោយមហាវិថីខាងលើ រដ្ឋបាលរាជធានី សុំឱ្យអ្នករំលោភផ្លូវថ្មើជើងទាំងនេះ គិតដល់ប្រយោជន៍សាធារណៈជាធំ ប្រសើរជាងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា គម្រោងរៀបចំការឺឡាថ្មី នៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ត្រូវបានបញ្ចប់កាលពីបំណាច់ខែធ្នូ២០១៨ ប៉ុន្តែមកដល់ពេលនេះ អ្នកថ្មើជើង នៅតែមានឧបសគ្គ ក្នុងការធ្វើដំណើរ ប្រឈមនឹងបញ្ហាគ្រោះថ្នាក់ កើតឡើង នៅឡើយ។ ដូច្នេះសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ ក្រុមហ៊ុន គ្រឹះស្ថាននានា នៅតាមបណ្តោយមហាវិថី ព្រះនរោត្តម ចូលរួមសហការទាំងអស់គ្នា ដើម្បីសោភណ្ឌភាព សុវត្ថិភាពក្នុងរាជធានីភ្នំពេញ ដែល ជាបេះដូង នៃប្រទេសកម្ពុជា៕