ប្រធានរដ្ឋវៀតណាមថ្មី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2019 ក+ ក-


​ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមកាតគ្រោងទុក ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកប្រធានរដ្ឋវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

ក្រៅពីនោះ លោកក៏នឹងចូលថ្វាយបង្គំ សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួររំឭកថា លោក Nguyễn Phú Trọng ជាជនទី១ ដែលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាយុ៦១ឆ្នាំ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានបញ្ជាក់ថា លោក ង្វៀន ហ្វ៊ូជុង នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកប្រធានរដ្ឋ ក៏នឹងអញ្ជើញចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ៕