ខេត្តបាត់ដំបង ៖ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួម ដើម្បីសុខភាពស្រ្តី និងកុមារ នៅព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះ ក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង បាននាំយកអំណោយទៅប្រគល់ដល់ស្រ្តីចំនួន៣នាក់ ដែលមានកូនតូចៗរស់នៅជា មួយក្នុងពន្ធនាគារខេត្តបាត់ដំបង។
ពិធីនេះ ដឹកនាំដោយ លោកជំទាវ ព្រំ វណ្ណា សមាជិកគណៈកម្មាធិការសាខា និងសហការី និងមានការចូលរួមពី ឧត្តមអគ្គានុរក្សថ្នាក់លេខ ២ លោក សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្តបាត់ដំបងផងដែរ។
ថ្លែងក្នុងឱកាសនោះលោកជំទាវ ព្រំ វណ្ណា ក្នុងនាមលោក បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសស្រ្តីមានផ្ទៃពោះ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវអនុសាសន៌សំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាននិងជូនលិខិតអបអរសាទរជូនដល់បងប្អូនស្រ្តីទាំងអស់ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូននាពេលនោះក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ទឹកបរិសុទ្ធ វីឃែ ១យូ(៦ដប) ត្រីខ ១០កំប៉ុង ក្រមា១ សារុង១មុង១ភួយ អាវ១ និងថវិកាមួយចំនួនផងដែរ ៕ ដោយ ៖ សុផល