ភ្នំពេញ ៖ មជ្ឈមណ្ឌលកម្សន្ត Rock ដ៏ល្បីល្បាញនៅភ្នំពេញ ត្រូវបានអាជ្ញាធរប្រកាសបិទអាជីវកម្មជាបណ្តោះអាសន្ន បន្ទាប់ពីកម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបដោយរកឃើញមានសកម្មភាជួញដូរ និងប្រើប្រាស់គ្រឿញៀន និងបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង៣០០នាក់ រួមនិងថ្នាំញៀនប្រមាណ ៥០ គ.ក្រ. ផងដែរ។
សូមរំលឹកថា នៅអំឡុងវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់ ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកំសាន្ត Rock នៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ព័ន្ធទៅនឹងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យចំនួន៣១១នាក់ (ស្រី៥៦នាក់) ថ្នាំញៀនទាំងម្សៅ គ្រាប់ ទឹក សរុបជាង ៤០គីឡូក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ១២ កាំភ្លើងខ្លី១ដើម ។
ក្នុងរង្វង់ប្រតិបត្តិការណ៍របស់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញខាងលើនេះ អ្នកសារព័ត៌មានជាច្រើននាក់ មិនអាចចូលទៅក្នុងទីតាំង និងផ្ដិតយករូបភាពមនុស្សដែលត្រូវឃាត់ខ្លួន ក៏ដូចជាវត្ថុតាងបាននោះទេ ប៉ុន្តែ គេសង្កេតឃើញមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ចំនួន២គ្រឿង បានចូលទៅក្នុងបរិវេណក្លឹបកំសាន្ត Rock ដើម្បីដឹកយកមនុស្សប្រុស ស្រី ជាង៣០០នាក់ ដែលបានឃាត់ខ្លួន នាំយកទៅស្នងការដ្ឋានរាជធានីភ្នំពេញ។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមមនុស្សចំនួនជាង ៣០០នាក់ដែលត្រូវបានឃាត់ខ្លួននោះ បានរកឃើញថា ភាគច្រើនមានជាប់សារធាតុញៀនក្នុងខ្លួន បន្ទាប់ពីធ្វើការវិភាគលើទឹកនោម។
រហូតមកដល់ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សាលារាជធានីភ្នំពេញ ចេញសេចក្តីប្រកាស ពត៌មាន មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានបិទផ្អាកអាជីវកម្ម ដើម្បីផ្តល់លទ្ធភាព ឲ្យអាជ្ញាធរមានសមត្ថកិច្ច និងតុលាកាបន្តនីតិវិធីពេញលេញក្នុងការស្រាវជ្រាវ និងបំពេញសំណុំឯកសារតាមផ្លូវច្បាប់៕