ខេត្តព្រះវិហារ ៖ ការបង្កើតស្ថានីយ៍ផលិតទឹកបរិសុទ្ធ ជាជំនួយអង្គការទស្សនៈពិភពលោក ដែលសម្ភោធដាក់ឲ្យដំណើរការប្រើប្រាស់ នេះ ត្រូវគេមើលឃើញថា ស្របពេលកម្ពុជា កំពុងប្រឈមនឹងគ្រោះរាំងស្ងួត នៅក្នុងរដូវប្រាំង២០១៩នេះ ហើយរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងត្រូវត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។
នៅព្រឹកថ្ងៃអង្គារទី២៦ ខែកុម្ភៈ នេះ ស្ថានីយ៍ផលិតទឹកបរិសុទ្ធ ដែលសាងសង់ក្នុងតម្លៃជិត៤ម៉ឺនដុល្លារអាមេរិកនេះ ត្រូវបានសម្ភោធបើកឲ្យដំណើរការប្រើប្រាស់នោះហើយ ក្រោមការអញ្ជើញជាអធិបតី និងកាត់ខ្សែបូរណ៍ ពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងមានការចូលរួមពីតំណាង អង្គារដៃគូរដ្ឋាភិបាល រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត ផងដែរ។ ស្ថានីយ៍ផលិតទឹកបរិសុទ្ធនេះ មានឈ្មោះថា «ស្ថានីយ៍ទឹកពិសាភូមិយើង» នៃសហគមន៍កសិកម្ម រមទមសាមគ្គីមានជ័យ មានទីតាំងស្ថិតក្នុងភូមិ អូតាលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
យោងរបាយការណ៍មន្ទីរកសិកម្មខេត្តព្រះវិហារ បានបង្ហាញថា ស្ថានីយ៍ផលិតទឹកសុទ្ធនេះ បានបង្កើតឡើងមានរយះពេលប្រមាណ៤ខែមកហើយ គឺចាប់ពីខែវិច្ឆិកា២០១៨នោះមក ហើយនៅពេលនេះទើបបានបញ្ចប់ការសាងសង់ និងសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ចំនួន៦ភូមិ ក្នុងឃុំរមទម ស្រុករវៀង។ របាយការបានបង្ហាញទៀតថា ស្ថានីយ៍ទឹកសុទ្ធនេះបានបង្កើតឡើង ក្រោមជំនួយពីអង្គការទស្សនៈពិភពលោក លើថវិកាឧបត្ថម្ភ៨០ភាគរយ រួមជាមួយថវិកា របស់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ២០ភាគរយ ដែលមានទឹកប្រាក់សរុប ចំនួន៣ម៉ឺន ៥ពាន់ ៨៥២ ដុល្លារអាមេរិក។ ស្ថានីយផលិតទឹកពិសាភូមិយើង បានផលិតទឹកក្រោមការត្រួតពិនិត្យ ដោយឆ្លងកាត់ប្រព័ន្ធ « UV » និងមានការពិនិត្យពីមន្ទីរជំនាញ តាមស្តង់ដាបច្ចេកទេសបានយ៉ាងត្រឹមត្រូវ សម្រាប់បំរើជូនប្រជាពលរដ្ឋ ចំនួន៦ភូមិ មានច្រើនពាន់គ្រួសារ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។ ហើយស្ថានីយ នឹងលក់ទឹកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ ដោយក្នុង១ពីដុង មានតម្លៃត្រឹមតែ២ពាន់រៀល ប៉ុណ្ណោះ ។
អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា លោកបានថ្លែងកោតសរសើរ ចំពោះអង្គការទស្សនពិភពលោក ដែលtជាអង្គការដៃគូដ៏សំខាន់មួយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំនួយថវិកាកសាងស្ថនីយ៍ទឹកសុទ្ធ ជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ដែលរស់នៅតំបន់ដាច់ស្រយាលពីទីប្រជុំជនក្នុងទីរួមខេត្ត ហើយពួកគាត់មានទឹកបរិសុទ្ធបរិភោគ ផងទៀត។ លោកអភិបាលខេត្ត បានថ្លែងទៀតថា អង្គការទស្សនៈពិភពលោក តែបានជួយឧបត្ថម្ភដល់ពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ហើយអង្គការ ក៏នៅមានគម្រោង ជួយជីកអណ្ដូងទឹក និងបង្កើតប្រព័ន្ធផលិតទឹកស្អាត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ នៅស្រុក៤ទៀត របស់ខេត្តព្រះវិហារ គឺស្រុកគូរលែន ស្រុកឆែប ស្រុកសង្គមថ្មី និងស្រុកជ័យសែន ។
លោកថា ការបង្កើតឡើង នូវប្រព័ន្ធទឹកស្អាតនេះ គឺអាចជួយការពារជំងឺឆ្លងគ្រប់ប្រភេទ តាមរយះការប្រើប្រាស់ទឹកមិនស្អាត ហើយស្របនឹងការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល ចំពោះបញ្ហាប្រឈម និងការខ្វះទឹកនៅរដូវប្រាំងឆ្នាំនេះ ផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ នៅគ្រានេះ មិនទាន់មានតំបន់ណាមួយ ដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់នោះទេ ហើយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំង៣ បានត្រៀមលក្ខណៈរួចជាស្រេច នៅក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិផ្សេងៗទៀត តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល នៅច្រើនថ្ងៃកន្លងមកនេះ ៕