ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង លោក យី វណ្ណៈ ដែលជាអភិបាលរងស្រុកកំពង់សៀម ជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិន ជំនួសលោក ផេន សុផល ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលស្រុកបាធាយ វិញ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ដោយជំរុញឲ្យអាជ្ញាធរ ជាពិសេសលោកអភិបាលស្រុកដែលទើបឡើងកាន់តំណែងថ្មី ពីរចំនុច រួមមាន ទី១ ត្រូវពង្រឹងសុវត្ថិភាព សណ្តាប់ធ្នាប់ តាមក្នុងឃុំទាំងអស់ក្នុងស្រុកកោះសូទិន ធ្វើយ៉ាងណាអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព ក្រោមដំបូងសុខសន្តិភាព សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។
ចំនុចទី២ លោកអភិបាលខេត្តបានជំរុញ និងស្នើដល់លោកអភិបាលស្រុកកោះសូទិន ថ្មី ត្រូវធ្វើយ៉ាងណាដឹកនាំមន្ត្រីរាជការក្រោមឱវាទ ខិតខំបម្រើសេវាសាធារណ:ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានឆាប់ និងមានប្រសិទ្ធភាព តាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង៕ ដោយ ៖ សុផល