ត្បូងឃ្មុំ ៖ បានបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍របស់ប្រទេសចិនលើការសាងសង់មន្ទីរពេទ្យនៅតំបន់ភាគឦសាននេះ នឹងបំរើឲ្យគោលដៅនៃការអនុវត្តកិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួយធ្វើការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងងាយស្រួល។
នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៩ នេះ។
មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ » មានតម្លៃជាង ៤៥លានដុល្លារអាមេរិក ដែលមានទីតាំងនៅជិតសាលាខេត្តត្បូងឃ្មុំ ជាជំនួយឥតសំណងពីសាធារណ:រដ្ឋ ប្រជាមានិត្តចិន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ ការនៅព្រឹកថ្ងៃទី១ មីនា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានវត្តមានឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរ ពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ព្រះកុសុម:» ដែលជាគម្រោងទី១ទើបចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណទៅដល់មិត្តចិនដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើការសាងសង់សួរមន្ទីរពេទ្យ ដល់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍របស់ប្រទេសចិនលើការ សាងសង់មន្ទីរ ពេទ្យនៅតំបន់ភាគឦសាននេះ នឹងបំរើឲ្យគោលដៅនៃការអនុវត្តកិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួយធ្វើការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងងាយស្រួល ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានដាក់ចេញតាំងពីអាណត្តិទី៥ នឹងបន្តសន្យាអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនៅអាណត្តិទី៦ក្នុងការព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាពិសេសផ្តល់អាទិភាពទៅដល់ស្ត្រីមានផ្ទៃពោះ។
សម្ដេចតេជោហ៊ុនសែននាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់នូវក្តីសង្ឃឹមយ៉ាងមុតមាំថា មន្ទីរពេទ្យដែលត្រូវសាងសង់នាពេលនេះ និងកន្លែងដទៃទៀតនឹងធ្វើឲ្យការអនុវត្តគោលនយោបាយគាំពារសង្គមសម្រាប់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួននៅភាគឦសានដូចជាខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងរតនគិរី និងមណ្ឌលគិរី កាន់តែល្អប្រសើរថែមទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹក និងអំពាវនាវដល់គ្រូពេទ្យទាំង អស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ បង្កើនការយកចិត្តទុកដាក់ទទួលខុសត្រូវ ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបញ្ជាក់ថា បើមានតែមន្ទីរពេទ្យអត់មានគ្រូពេទ្យក៏អាចទៅរួច ហើយបើមានគ្រូពេទ្យទៅហើយតែបើគ្រូពេទ្យអត់គុណធម៌ អត់វិជ្ជាជីវៈ គឺនៅតែមិនអាចដោះស្រាយបានចំពោះប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសាងសង់លើផ្ទៃដីទំហំ ២ម៉ឺន ៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥ម៉ឺន ៥ពាន់ ៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាង សង់ក្នុងរយ:ពេល ៤០ខែ។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខាពេទ្យទំនើបៗថែមទៀតផង។
មន្ទីរពេទ្យនេះមានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និង Endoscopy, មន្ទីរពិសោធន៍, ឪសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។
មន្ទីរពេទ្យធំថ្មីនេះ មានតម្រូវការបុគ្គលិកជំនាញប្រមាណ៤៥៦ នាក់បន្ថែមទៀត។
បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានបុគ្គលិកមន្រ្តីសុខាភិបាល ចំនួន ៩៩៨នាក់ ក្នុងនោះស្ត្រី៤៦៧នាក់ មានមន្ទីរពេទ្យបង្អែកចំនួន០៦ មណ្ឌ ល សុខភាពចំនួន៦៨ និងប៉ុស្តិ៍សុខភាពចំនួន ០២ ដែលគ្របដណ្តប់ប្រជាជនប្រមាណ ៨៤ម៉ឺន៣ពាប់នាក់៕