ភ្នំពេញ៖ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី៦ ឧសភា នេះបានផ្ញើកំណត់ការទូតទៅក្រសួងការបរទេសឥណ្ឌាឲ្យបញ្ឈប់គម្រោងសាងសង់ប្រាសាទដែលចម្លងតាមប្រាសាទអង្គរវត្ត ដោយចាត់ទុកថា ការចម្លងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយរូបប្រាសាទអង្គរមាននៅលើទង់ជាតិរបស់កម្ពុជាទៀតផង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ចេញផ្សាយកាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ម្សិលម៉ិញនេះបានស្នើទៅក្រសួងការបរទេសឥណ្ឌាឲ្យបញ្ជាទៅក្រុមហ៊ុន MAHAVIR MANDIR TRUST បញ្ឈប់ជាបន្ទាន់នូវគម្រោងសាងសង់ប្រាសាទ ចម្លងតាមប្រាសាទអង្គរ វត្តដែលជាបេតិកភ័ណ្ឌរបស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ផងដែរ។
កំណត់ទូតតវ៉ា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការសាងសង់ចម្លងតាមប្រាសាទអង្គរវត្តខ្មែរ ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលមានតម្លៃមនុស្សជាតិលេចធ្លោជាសកល។ ជាងនេះទៀត ប្រាសាទអង្គរវត្តជានិមិត្តរូប ដែលមាននៅក្នុងទង់ជាតិកម្ពុជាជាច្រើនសតវត្សមកហើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើក្រសួងការ បរទេស ឥណ្ឌា ឲ្យពិចារណាយ៉ាងម៉ត់ចត់ជាបន្ទាន់ នូវគំរោងសាងសង់ចម្លងតាមប្រាសាទអង្គរវត្ត ខ្មែរយើង ដើម្បីថែរក្សាទំនាក់ទំនងប្រពៃណីជាប្រវត្តិសាស្ត្ររវាងប្រទេស និងប្រជាជនយើងទាំងពីរ។
គួររំលឹកថា កាលពីឆ្នាំ ២០១២ កម្ពុជាបានជំទាស់នឹងការប្រកាសគ្រមោងសាងសង់របស់ឥណ្ឌាដែលចម្លងគំរូតាមប្រាសាទអង្គរវត្ត ម្តងរួចមកហើយ។ កាលនោះភាគីកម្ពុជាបានចោទរដ្ឋាភិបាលឥណ្ឌាថា កំពុងរំលោភលើកម្មសិទ្ធិបញ្ញាចម្លងតាមរចនាបថ សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរតែមួយគត់។
ថ្មីនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះព័ត៌មានពាក់ព័ន្ធនឹងរឿងរ៉ាវដូចខាងលើនេះចែករំលែកតៗគ្នាថា បច្ចុប្បន្នឥណ្ឌាកំពុងសាងសង់ប្រសាទដែលចម្លងតាមប្រាសាទអង្គរវត្តដែល មានទំហំផ្ទៃដីប្រមាណ ២០០ ហិកតា ដែលគ្រោងចំណាយថវិកាសរុបប្រមាណជា ៧៨ លានដុល្លារ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ។
គួរជម្រាបជូនថា ឥណ្ឌាបានបង្ហើបពីគម្រោងសាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្ត របស់ខ្មែរ តាំងពីឆ្នាំ២០១២មកម្ល៉េះ។ គម្រោងសាងសង់ប្រាសាទនោះ ដំបូងត្រូវបានដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ប៉ុន្តែក្រោយមកបានប្ដូរឈ្មោះមកជា Viraat Ramayan Mandir ក្រោយពីមានការតវ៉ាពីកម្ពុជា។Viraat Ramayan Mandir មានន័យថា ប្រាសាទ Ramayan ដ៏មហស្ចារ្យ។
បើតាមគម្រោង ប្រាសាទនេះមានកំពូលចំនួន១៨ និងកម្ពស់ប្រមាណ១១៥ម៉ែត្រ សាងសង់លើផ្ទៃដីជាង៨០ហិចតា។ ប្រសិនបើការសាងសង់ជោគជ័យ Viraat Ramayan Mandir នឹងក្លាយជាប្រាសាទដែលឧទ្ទិសដល់សាសនាធំជាងគេលើលោក។ ប៉ុន្តែយ៉ាងណាក៏ដោយ បើនិយាយពីទំហំផ្ទៃដីសាងសង់ ប្រាសាទអង្គរវត្តនៅតែជាប្រាសាទធំជាងគេ ដោយសាងសង់លើផ្ទៃដីទំហំជាង២០០ហិចតា បើទោះជាអង្គរវត្តមានកំពូលតែ៩ និងមានកម្ពស់តែជាង៦៥ម៉ែត្រក៏ដោយ។
រដ្ឋាភិបាលឥណ្ឌាមិនទាន់មានប្រតិកម្មបែបណានៅឡើយទេ ចំពោះការតវ៉ារបស់កម្ពុជា ចំណែកស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ក៏មិនអាចទាក់ទងសុំការអធិប្បាយបានដែរកាលពីរសៀលថ្ងៃទី៧ មិថុនា នេះ៕ ខេមរិន្ទ