កម្ពុជាចាប់ផ្តើមធ្វើជំរឿនប្រជាជន​ដើម្បីមានទិន្នន័យច្បាស់លាស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2019 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាចាប់ផ្តើមដំណើរការ ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣នេះ ដល់១៣ មីនា ឆ្នាំ២០១៩។ ការធ្វើជំរឿននេះ គឺដើម្បីងាយស្រួលស្រង់ស្ថិត និងកំណត់ចំនួនប្រជាជនកម្ពុជា ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្នុងយុទ្ធនាការធ្វើសម្រង់ស្ថិតិនេះថា ដើម្បីឲ្យការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ គ្រប់ទីតាំងអង្គភាព ស្ថាប័ន ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះ…-ល-។ ដែលមានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួម និងផ្តល់កិច្ចសហការ ជាមួយមន្ត្រីជំរឿនក្នុងការសម្ភាសន៍ជំរឿន នៅម៉ោងនៃយប់ជំរឿន (ម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩) ។

ដោយឡែក ទីតាំងអង្គភាពមួយចំនួន ដែលមានលក្ខណៈជាគ្រួសារស្ថាប័ន ដូចជា វត្តអារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្តុំនានា…-ល-។ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿន ក្នុងការរាប់សម្ភាសន៍អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី៣-១៣ ខែមីនា ឆ្នាំ២០១៩។ ចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈជាគ្រួសារធម្មតា ឬគ្រួសារប្រក្រតី សូមចូលរួមផ្តល់ព័ត៌មានតាម សំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ជូនដល់មន្ត្រីជំរឿន ដែលបានចុះជួបសម្ភាសន៍ផ្ទាល់តាមគ្រួសារ ក្នុងមណ្ឌលជំរឿននីមួយៗ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕