ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងកាលពីម្សិលមិញ ថា បើទោះជាអភិបាលខេត្តរងទាំង២រូបនោះ ត្រូវបានដកតំណែងទៅហើយក្តី ក៏ពួកគេនៅប្រឈមនឹងការស៊ើបអង្កេតបន្ថែមទៀត ដោយក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ត្រូវបានដកមុខតំណែងតាមរយៈអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ ទី១ ខែកុម្ភៈ កន្លងមកនេះ នៅក្រោយពីមានករណីហិង្សាក្នុងជម្លោះដីធ្លីមួយ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីខែមករា បង្កឲ្យពលរដ្ឋរងរបួស ដោយចាប់ចងវាយធ្វើបាប។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយនឹងអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលរងខេត្តនោះថា៖ «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តអភិក្រមទី ៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុ ២ រូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់ក្រួស និងខ្សាច់ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ ឬរុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ភាពមិនប្រក្រតីខាងទ្រព្យសម្បត្តិ គឺខាង ACU បើមានភាពមិនប្រក្រតីខាងផ្នែករដ្ឋបាល នោះគឺខាងក្រសួងមហាផ្ទៃ។
លោក ស៊ីផាន បន្តថា អាចពុករលួយចំពោះលុយកាក់ព្រោះតែពួកគេ ធ្លាប់បានប្រកាសទ្រព្យសម្បត្តិ ២ ឆ្នាំម្តង នៅ ACU ហើយបើផ្នែករដ្ឋបាល គឺពាក់ព័ន្ធនឹងជម្លោះដីធ្លី ព្រោះដីហ្នឹងជាទ្រព្យសម្បត្តិរបស់រដ្ឋ តែអភិបាលខេត្តរងទាំង២ គាត់ចុះទៅគួរតែដឹងថា ដីនេះជាដីរបស់រដ្ឋ ដូច្នេះទុកឲ្យក្រសួងមហាផ្ទៃគាត់វាយតម្លៃទៅ»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែលោក នួន បូផល អនុប្រធាន ACU បានប្រាប់ថា អង្គភាពបានទទួលព័ត៌មាននេះហើយ តែការស៊ើបអង្កេត ឬមិនស៊ើបអង្កេត គឺអាស្រ័យលើប្រធានអង្គភាព៕