ភ្នំពេញ ៖ សម្តេចតេជោនាយកដ្ឋមន្ត្រីកម្ពុជា បានព្រមានធ្ងន់ៗ ទៅកាន់ក្រុមមន្រ្តីអតីតបក្សប្រឆាំង ថា នឹង«បិទទ្វារ»លែងទទួលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅមុន ឬក្រោយបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ខណៈមកដល់ពេលនេះ មានតែអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន៣រូបប៉ុណ្ណោះ ក្នុងចំណោម១១៨រូប ដែលបានសរសេរលិខិតស្នើសុំសិទ្ធិធ្វើនយោបាយមុនកាលកំណត់
ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានដោយប្រើសម្តីខ្លាំងៗ ចំៗសំដៅទៅលើក្រុមអតិតមន្ត្រី CNRP ថា «ទ្វារបើកចំហហើយ សម្រាប់ក្រុមប្រឆាំង ចូល ឬមិនចូលជារឿងអ្នកឯង ហើយទ្វារក៏អាចបិទវិញ នៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ដែរ។ សម្តេចបន្តថា« មានអ្នកខ្លះរង់ចាំថ្ងៃនេះ ថ្ងៃនោះ តែបើដូច្នេះ អ្នកឯងមិនអាចចូលរួមបោះឆ្នោតនៅឆ្នាំ២០២២ នោះឡើយ ហើយបើនៅតែឈ្លើយ ទ្វារនឹងត្រូវបិទនៅមុនឬក្រោយ ចូលឆ្នាំខ្មែរ» ខាងមុខនេះ។
សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់ជម្រើសពីរដល់អតីតគណបក្សប្រឆាំងដែលជាប់បម្រាម គឺទី១ មកស្នើសុំសិទ្ធិនយោបាយឡើងវិញ ដើម្បីរៀបចំបង្កើតគណបក្សចូលរួមការបោះឆ្នោតនៅអាណត្តិក្រោយ និងទី២ ត្រូវរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ជាពេលដែលផុតកំណត់នៃសាលដីកាហាមឃាត់ការធ្វើនយោបាយរបស់ពួកគេ។ បើគណបក្សប្រឆាំងមិនដាក់ពាក្យស្នើសុំស្តារនីតិសម្បទាទេ ពួកគេមិនអាចបង្កើតបក្ស ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានព្រមានធ្ងន់ៗ ដោយដាក់ខ្នោះអតីតមន្ត្រីបក្សប្រឆាំងរូបណា ដែលហ៊ានធ្វើសកម្មភានយោបាយ ដោយមិនបានសុំសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ។
គួរបញ្ជាក់ថា មកដល់ពេលនេះ មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ តែ ៣រូបប៉ុណ្ណោះ ក្នុងចំណោម១១៨រូប ដែលបានសរសេរលិខិតស្នើសុំសិទ្ធិធ្វើនយោបាយមុនកាលកំណត់ គឺអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ គឺលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញហើយ កាលពីថ្ងៃទី២ ខែមិនា។ លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយបន្ទាប់ពីលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងលោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រប្រទាននីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩៕