ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការធ្វើជំរឿនរយៈពេល១០ឆ្នាំម្តង គឺដើម្បីរៀបចំនូវចក្ខុវិស័យសំរាប់អនាគតប្រទេសជាតិបន្តទៀត ជាពិសេស ត្រូវធ្វើយ៉ាងណាអោយសមស្របទៅកំណើនប្រជាពលរដ្ឋកម្ពុជា។
នៅព្រឹកថ្ងៃទី៥ ខែមីនា នេះ មន្ត្រីជំនាញទៅធ្វើជំរឿន នៅភូមិគ្រឹះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធិសភា លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារ បញ្ជាក់ឱ្យដឹងថា “ការធ្វើជំរឿននេះ គឺជាការស្រង់នៅទិន្នន័យចំនួនប្រជាពល និងមុខរបរតួនាទីច្បាស់លាស់មួយ ងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង សង្គមព្រមទាំងការ ធ្វើគោលនយោបាយជាតិ ផងដែរ ទៅតាមចំនួនប្រជាពលរដ្ឋដែលមាន។
លោក អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានស្នើមន្ត្រី ដែលធ្វើការងារ ចុះជំរឿនប្រជាពលរដ្ឋ តាមមូលដ្ឋាន ត្រូវចុះស្រង់មុខរបរ ឋានៈ តួនាទី និងកំរិតវប្បធម៌របស់បុគ្គលម្នាក់ៗដាក់ចូលក្នុងតារាងបញ្ជីស្ថិតិ ឲ្យបានច្បាស់លាស់ ដើម្បីរក្សាបានធនធានមនុស្សពិតប្រាកដ និងទទួលបានទិន្នន័យគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម បញ្ជាក់ថា ការងារជំរឿនប្រជាជន នៅកម្ពុជាឆ្នាំ២០១៩ បានធ្វើកិច្ចការជាមួយ ប្រធានមន្ទីរផែនការរាជធានី-ខេត្ត ហើយរំពឹងទុកថា នឹងទទួលបានភាពជោគជ័យ។
លោក ហួត ហៃ ថ្លែងថា ជំរឿនជាការងារអព្យាក្រិត្យ មិនពាក់ព័ន្ធសកម្មភាពនយោបាយ ពន្ធដារ ដីធ្លី ឬអន្តោប្រវេសន៍ឡើយ។ ការធ្វើជំរឿប្រជាជនទូទៅ បានប្រព្រឹត្តឡើងចំនួន៣លើក គឺលើកទី១ឆ្នាំ១៩៩៨ លើកទី២នៅ ឆ្នាំ២០០៨ និងលើកទី៣ ឆ្នាំ២០១៩។
ទាក់ទិនទៅនឹងការងារជំរឿននេះផងដែរ កាលពីថ្ងៃទី៤ ខែមីនា ម្សិលមិញ ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូការពារទឹកជំនន់នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យចូលរួមចំពោះការងារ ធ្វើជំរឿន នៅទូទាំងប្រទេស។ ដោយសម្តេចតេជោ អះអាងថា “ជំរឿន នឹងផ្តល់អោយយើងបានរៀបចំនូវចក្ខុវិស័យ សំរាប់អនាគតប្រទេសកម្ពុជា”។ បញ្ហានេះ សម្តេចសុំអោយប្រជាពលរដ្ឋមេត្តាចូលរួមសហប្រតិបត្តិការ ជាមួយមន្ត្រីចុះជំរឿនឱ្យបានរលូនផងដែរ។
លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានជាតិ ស្ថិតិ នៃក្រសួងផែនការ មានប្រសាសន៍ថា ដើម្បីឲ្យការងារជំរឿនទទួលបានជោគជ័យ និងមានប្រសិទ្ធភាព វិទ្យាស្ថានជាតិស្ថិតិសុំឲ្យអភិបាលរាជធានី និងអាជ្ញាធរ តាមមូលដ្ឋានជួយជំរុញ ក្នុងកិច្ចការងារនេះ ដើម្បីទទួលបានជោគជ័យ មានភាពច្បាស់លាស់ ក្នុងការទទួលទិន្នន័យគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាពខ្ពស់។
ជំរឿនប្រជាជនកម្ពុជា លើកទី៣ នេះបានចាប់ផ្តើមនៅ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដោយប្រើប្រាស់មន្ត្រីជំរឿន ប្រមាណជាង ៥ម៉ឺននាក់ នៅទូទាំងប្រទេស ក្នុងនោះមន្ត្រីត្រួតពិនិត្យប្រមាណជាង ១ម៉ឺននាក់។ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ប្រាប់អ្នកកាសែតកន្លងទៅថា ប្រជាជនកម្ពុជាអាចនឹងកើនដល់ក្នុងរង្វង់ ១៦លាននាក់ ខណៈកំណើនប្រជាជនក្នុងមួយឆ្នាំ រង្វង់ ១,៦ ភាគរយ។
សូមបញ្ជាក់ថា ជំរឿនប្រជាជននៅកម្ពុជាត្រូវបាន ធ្វើឡើង រយៈពេល ១០ឆ្នាំម្តង ដោយជំរឿនលើកទី៣ ត្រូវបានកំណត់ ធ្វើនៅឆ្នាំ២០១៨ ក៏ប៉ុន្តែត្រូវលើកមកឆ្នាំ២០១៩នេះវិញ ដោយសារឆ្នាំមុន ប្រទេសនិងមន្ត្រីជាប់រវល់ នឹងការងារបោះឆ្នោតជាតិ នីតិកាលទី៦៕