កំពត៖ លោក ជា ប៉ូច ប្រធានក្រុមការ ងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពតកាលពីថ្ងៃទី៣០ ឧសភា ត្រូវសកម្មជន សកម្មនារី នៃគណបក្សសង្គ្រោះជាតិនៅទូទាំងខេត្តកំពត ដាក់ញត្តិជូនទៅលោក សម រង្សី ប្រធានគណបក្ស និងលោក កឹម សុខា អនុប្រធានគណបក្ស សុំដកចេញពីប្រធានក្រុមការងារដោយសារលោក ជា ប៉ូច ប្រើទង្វើនផ្តាច់ការ។
នៅក្នុងលិខិតដាក់ទៅលោក សម រង្ស៊ី និងលោក កឹម សុខា បានបញ្ជាក់ថា ការដឹកនាំរបស់លោក ជា ប៉ូច មានភាពផ្តាច់ការ អញនិយម អសីលធម៌ បក្ខពួកនិយម ចរិតកោងកាច ជេរប្រមាថសកម្មជនថ្នាក់មូលដ្ឋាន មិនថាចាស់មិនថាក្មេង ដែលទង្វើទាំងអស់នេះ ប្រាស់ចាកនូវក្រមសីលធម៌របស់គណបក្សសង្គ្រោះជាតិទាំងស្រុង។ ធាតុផ្សំទាំងនេះ បានបង្ខំឲ្យសកម្មជន គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងព្រះសង្ឃ ព្រមទាំងបញ្ញវន្តអស់ជំនឿ និងសេចក្តីទុកចិត្តទៅលើបុគ្គលផ្តាច់ការ និងអសីលធម៌រូបនេះទៀតហើយ។
កត្តាទាំងអស់នេះ អាចបង្ខំចិត្តជំរុញឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងបក្សជាក់ ជាមិនខាន ប្រសិនបើលោកប្រធាន និងលោកអនុប្រធានទុក្ខឲ្យបុគ្គលរូបនេះ បន្តដឹកនាំសកម្មជនគណបក្សសង្គ្រោះជាតិខេត្តកំពតបន្តទៀត ពួកយើងជឿជាក់ថា គណបក្សសង្គ្រោះជាតិ នឹងដួលរលំភីង ធ្លាក់ដល់ចំណុចសូន្យដឺក្រេ នៅឆ្នាំ២០១៧ ឆ្នាំ២០១៨ មិនខានឡើយ។ ពីព្រោះសកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រនៅលើទឹកដីខេត្តកំពត មិនអាចទទួលយកអ្នកដឹកនាំ ដែលតាំងខ្លួនជាអធិរាជផ្តាច់ការបាននោះទេ។
ជាមួយគ្នានេះ សកម្មជនក៏បានសំណូមពរ ២ចំណុចដល់លោក សម រង្ស៊ី និងលោក កឹម សុខា គឺទី១-សុំដកលោក ជា ប៉ូច ជាបន្ទាន់ ទី២-សុំឲ្យសើរើសមាសភាពថ្នាក់ដឹកនាំខេត្ត និងស្រុកឡើងវិញ ចៀសវាងកើតហានិភ័យដល់គណបក្ស។
ទាក់ទងករណីនេះ នៅមិនទាន់មានការឆ្លើយតបពីលោក សម រង្ស៊ី និងលោក កឹម សុខា នៅឡើយទេ៕