ភ្នំពេញ ៖ កម្ពុជា-ឡាវ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាព ដើម្បីបើកច្រកទ្វារបន្ថែមទៀត ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ ខណៈបច្ចុប្បន្នកម្ពុជា-ឡាវ មានច្រកអន្ដរជាតិរួមគ្នាតែមួយប៉ុណ្ណោះ គឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាជាមួយ លោក វីល័យ ឡាខាំភូង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅរាជធានីភ្នំពេញ។
ច្រកដែលភាគីទាំងពីរកម្ពុជា ឡាវ នឹងធ្វើការពិនិត្យលទ្ធភាពបើកច្រកព្រំដែន គឺអាចរវាងខេត្តរតនគិរី ជាមួយនិងខេត្តអត្តពើ ឬក៏រវាងខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តមួយទៀតរបស់ប្រទេសឡាវ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឈានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ដើម្បីបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆ្លងដែន ពិសេសការយកចិត្តទុកដាក់ការជួញដូរគ្រឿងញៀន ការដាំដុះ និងការចរាចរណ៍គ្រឿងញៀនឆ្លងដែន។ ម្តេចក្រឡាហោមបានបន្តថា សម្តេចមានការពេញចិត្ត ពេញថ្លើមចំពោះសមទ្ធិផលដែលភាគីទាំងពីរបានធ្វើនាឆ្នាំកន្លងមកនេះ។
ភាគីទាំងពីរ នឹងបន្តខិតខំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមខ្សែបណ្តោយព្រំដែននៃប្រទេសទាំងពីរ ហើយអាជ្ញាធរគ្រប់កម្រិត នៃបណ្តាខេត្តជាប់ព្រំដែនក៏បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ដោយបានបង្កលទ្ធភាពងាយស្រួលក្នុងការធ្វើដំណើរការផ្លាស់ប្ដូរគណៈប្រតិភូ និងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។
នេះបើតាម លោកឧត្តមសេនីយ៍ឯក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីចប់កិច្ចប្រជុំ។
មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានអះអាងទៀតថា ក្រៅពីឯកភាពគ្នារឿងការបើកច្រកទ្វារព្រំដែនហើយនោះ កម្ពុជា-ឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាផងដែរ លើការបង្ការ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា មិនឲ្យបញ្ហាគ្រឿងញៀន មកគ្របដណ្ដប់លើប្រជាជននោះឡើយ៕