ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់ប្រាប់ទៅមន្ត្រីទូតកម្ពុជាទាំងអស់ថា មន្ត្រីទូតកម្ពុជា ត្រូវចេះធ្វើកាទូតសេដ្ឋកិច្ច ដើម្បីជួយជំរុញ និងទាក់ទាញវិនិយោគមកកម្ពុជា។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជំហរថា កម្ពុជាមិនប្តូរអធិបតេយ្យភាពជាតិ ឯករាជ្យភាពជាមួយជំនួយ ឬលក្ខខណ្ឌបរទេស នោះទេ។
នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់មន្ត្រីការទូតកម្ពុជាទាំងអស់ឲ្យខិតខំ ប្រឹងប្រែងធ្វើនយោបាយការទូតផ្នែកសេដ្ឋកិច្ច គោលដៅទាក់ទាញអ្នករកស៊ី ពីបណ្តាប្រទេសនានា និងមកកំសាន្តនៅកម្ពុជា។ លោក បានបញ្ជាក់ថា ជាមន្ត្រីការទូតគឺធ្វើយ៉ាងណារក្សាឲ្យបាននូវផលប្រយោជន៏ជាតិ អធិបតេយ្យភាពជាតិ ធានានូវសន្តិសុខ នីតិរដ្ឋ និងរក្សាឲ្យបាននូវការអភិវឌ្ឍសម្រាប់ជាតិ។ ទោះយ៉ាងណាកម្ពុជាកំពុងជួបនូវបញ្ហាប្រឈមមួយចំនួន ជាមួយបស្ចឹមលោក គ្រាដែលមហាអំណាចមួយចំនួនបានចាប់បង្ខំកម្ពុជាឲ្យ យើងធ្វើការជ្រើសរើសម្ខាងៗ ជាអ្វីដែលកម្ពុជាមិនចង់បាន។
លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាពិបាកធ្វើមិត្តជាមួយនរណាម្នាក់ ហើយទៅធ្វើសត្រូវជាមួយនរណាម្នាក់បានទេ។ អ្វីដែលកម្ពុជា ចង់បានគឺធ្វើមិត្តជាមួយបណ្តាប្រទេសណាៗទាំងអស់នៅលើពិភពលោក ប៉ុន្តែកម្ពុជាតែងតែព្រមានប្រទេសដទៃមិនឲ្យចូលលូកដៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ បស្ចឹមលោក បាននឹងកំពុងអនុវត្តស្តង់ដារពីរចំពោះកម្ពុជា ដោយយកលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងពហុបក្ស មកសង្កត់កម្ពុជា។ ទោះយ៉ាងណាប្រមុខការទូតកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិទៅដូរជាមួយនឹងជំនួយ និងលក្ខខណ្ឌទទួលបានប្រព័ន្ធអនុគ្រោះ ពន្ធនោះឡើយ។
តាមរបាយការណ៍ស្តីពីសមិទ្ធផល ដែលក្រសួងការបរទេសខ្មែរសម្រេចបាន ក្នុងឆ្នាំ២០១៨ អានដោយលោក អ៊ុច បូររិទ្ធ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ នាព្រឹកថ្ងៃទី៥ មីនានេះ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសជាមិត្ដចំនួន១៧២ ប្រទេស និងមានស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេសសរុបចំនួន៦០។ គិតត្រឹមឆ្នាំ២០១៨នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការជាមួយ៣៤ប្រទេស ។
ជាមួយគ្នានេះ កម្ពុជាបានរិតចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសជាច្រើននៅទ្វីបអាស៊ី អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា និងនៅអឺរ៉ុប ជាពិសេសបានចាប់ផ្តើម ធ្វើឲ្យរស់រវើកឡើងវិញ នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស អតីតសង្គមនិយមនៅអឺរ៉ុប។ ទន្ទឹងនឹងនោះ កម្ពុជាក៏បានកំពុងរៀបចំ បើកស្ថានបេសកកម្មការទូត នៅប្រទេសប៊ុលហ្ការី តួកគី និងស៊ែរប៊ី សំដៅបង្កើនទំនុកចិត្តផ្នែកនយោបាយ និងបើកច្រកទីផ្សារថ្មីផងដែរ៕