កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងអភិវឌ្ឍន៍បន្ថែម ឆ្លើយតបកំណើនទំនិញឆ្លងកាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2019 ក+ ក-

ភ្នំពេញ ៖ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ លោកបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធានគណៈកម្មការ បានអញ្ជើញចុះសិក្សាស្វែងយល់ ពីការងារកំពង់ផែស្វយ័តខេត្តព្រះសីហនុពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ហើយនៅ ក្នុងជំនួបពិភាក្សាថ្នាក់ដឹកនាំកំពង់ផែបានលើកឡើងថា ឆ្លើយតបកំណើនទំនិញឆ្លងកាត់ជា
លំដាប់ កំពង់ផែមានគម្រោងអភិវឌ្ឍន៍បន្ថែមទៀត នៅឆ្នាំ២០១៩នេះ។

លោក ផៃ រិទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងខេត្ត បានទទួល ស្គាល់ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កំពង់ផែ នេះ ធ្វើអាជីវកម្មលើផ្ទៃដី ១២៥ហិកតា ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប បច្ចេកវិទ្យាខ្ពស់ ឆ្លើយតបការលើកដាក់ទំនិញគ្រប់ប្រភេទ ដោយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ អត្រា កំណើនទំនិញកុងតេន័រឆ្លងកាត់កំពង់ផែជាមធ្យមប្រចាំឆ្នាំមានប្រមាណ ១១% បើគិតពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៦។ លោកថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ (JICA) កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានពង្រីកបន្ថែមប្រវែង ២៤០ម៉ែត្រ ដោយបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៩ និងបញ្ចប់នៅឆ្នាំ២០០៤។ ផែនេះ មានជម្រៅទឹក ១១ម៉ែត្រ មានកន្លែងដាក់កុងតេន័រទំហំជាង ៦ហិកតា និងអាចស្តុកកុងតេន័រ បានចំនួន៤៥៦០។

លោក ផៃ រិទ្ធី បន្តលើកឡើងថា យោងកំណើនប្រចាំឆ្នាំ បរិមាណកុងតេន័រឆ្លងកាត់ នឹងអាចកើនឡើងដល់ ១លាន ២សែន ៩ម៉ឺនធីអ៊ីយូនៅឆ្នាំ២០២៣។ ដូច្នេះ ដើម្បីឆ្លើយតបទៅ នឹងកំណើនខាងលើនេះរដ្ឋាភិបាលជប៉ុនបានផ្តល់កម្ចីសម្បទានប្រមាណ ២០៩លានដុល្លារអាមេរិកដល់កំពង់ផែស្វយ័ត ដើម្បីសាងសង់ចំណតផែកុងតេន័រថ្មីប្រវែង ៣៥០ម៉ែត្របន្ថែម
ទៀត៕