បិទបាំង​ករណី​ស្លាប់​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់​ក្នុង​សណ្ឋាគារ ហ្គ្រេ​ន​ផា​លេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2015 ក+ ក-

ភ្នំពេញ​ ៖ស្ត្រី ជា​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ស្លាប់ ក្នុង​បន្ទប់​លេខ​១០០៥ ជាន់​ទី​១០ នៃ​សណ្ឋាគារ ហ្គ្រេន​ផា​លេស ដោយ​មិនដឹង​មូលហេតុ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​ម្ចាស់​ទីតាំង និង​អាជ្ញាធរ​ដែនដី ឃុបឃិត​គ្នា​ព្យាយាម​បិទបាំង​ព័ត៌មាន​។​

​សណ្ឋាគារ​នោះ គឺ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១១១ កែង​ផ្លូវ​លេខ​២៣២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។ ជនជាតិ​ម៉ាឡេស៊ី ដែល​ស្លាប់​នេះ​ឈ្មោះ Kin Kimkeng កើត​នៅ​ឆ្នាំ​១៩៧៥​។​

​ពាក់ព័ន្ធ​ទៅនឹង​ការស្លាប់​របស់​ជនជាតិ ម៉ាឡេស៊ី​រូបនេះ មិន​ត្រូវបាន​ប្រភពព័ត៌មាន ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែនដី​មួយណា អះអាង​ពី​មូលហេតុ​នៃ​ការស្លាប់​នោះទេ​។​

​ទាក់ទង​ទៅនឹង​ករណី ជនជាតិ​ម៉ាឡេស៊ី ដែល​បាន​ស្លាប់​នៅក្នុង​សណ្ឋាគារ ខាងលើនេះ គឺ​ពុំមាន​សមត្ថកិច្ច​អាជ្ញាធរ​ដែនដី​ណាមួយ​ហ៊ាន​បង្ហើប​ប្រាប់​ព័ត៌មាន​នេះ ទេ ព្រោះ​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​សណ្ឋាគារ​មួយ​នេះ ដោយ​ជាម​ន្ត្រី​ធំ ក្នុង​ជួរ​រាជរដ្ឋាភិបាល​។​

​ប្រភពព័ត៌មាន​ដដែល បាន​បន្តទៀតថា ការស្លាប់​របស់​ជនជាតិ​ម៉ាឡេស៊ី​នេះ គឺមាន​អាថ៌កំបាំង​ខ្លាំងណាស់ ប្រសិនបើ​ការស្លាប់​នេះ កើតឡើង​ដោយសារ​ជំងឺ ឬក៏​គាំងបេះដូង ក៏​មិនត្រូវ​លាក់បាំង​ព័ត៌មាន​បែបនេះ​ដែរ​៕CEN