ភ្នំពេញ ៖ លោក ឈាង វុន បានលើកឡើងថា សហគមន៍អឺរ៉ុប មិនគួរយកបញ្ហា EBA ដែលជាបញ្ហាពាណិជ្ជកម្ម មកធ្វើជារឿងនយោបាយនៅកម្ពុជានោះទេ។ លោកថា សហភាពអឺរ៉ុប មិនអាចប្រើប្រាស់ EBA ដើម្បីយកកម្ពុជាធ្វើជាចំណាប់ខ្មាំងបានទេ។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Manfred Grund សមាជិកសភាអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចដែលលោកឈាង វុន អះអាងថា ដើម្បីសិក្សាឈ្វេងយល់ និងថ្លឹងថ្លែង អំពីបញ្ហា EBA ដើម្បីទទួលបានព័ត៌មានស្មើគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ឈាង វុន ប្រាប់លោក Manfred Grund ថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេល៤ទសវត្សរ៍។ ដោយសារសង្គ្រាម បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភាពក្រីក្រ។ ប៉ុន្តែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យ មកដល់ពេលនេះ។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពីពីពាក់កណ្តាលខែមករា ឆ្នាំ២០១៩ បានចាប់ផ្តើមដំណើរការផ្លូវការមួយនៃនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)» សម្រាប់កម្ពុជា ជាការឆ្លើយតបនឹងអ្វីដែលថា កម្ពុជា ធ្វើឲ្យខូចប្រជាធិបតេយ្យ និងមានការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ លោក ឈាង វុន បានលើកឡើងថា សហគមន៍អឺរ៉ុប មិនគួរយកបញ្ហា EBA ដែលជាវិស័យពាណិជ្ជកម្ម មកធ្វើជារឿងនយោបាយ និងយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនោះទេ៕