ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ចេញប្រតិកម្មជាថ្មី ទាក់ទងការ ចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ ថាគណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោត,កាកបាទក្រហមកម្ពុជាចែកអំណោយមិនស្មើភាព,បញ្ហាព្រំដែន និងការចាយវាយថវិកាជាតិ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ “រឿងលួចសន្លឹកឆ្នោតនេះ ត្រូវតែបបួលគ្នាស្បថ បើអ្នកណាមិនហ៊ានស្បថ គឺបោកប្រាស់ប្រជាពលរដ្ឋ ប្រជាជាតិតែម្តង។ ហើយរឿងកាកបាទក្រហមចែកជំនួយរើសមុខមាត់ តើហ៊ានស្បថឲ្យរន្ទះបាញ់ទេ នៅចំពោះមុខវត្ថុស័ក្តិសិទ្ធិទាំងឡាយ បើសិនជាបំពាបំពាន ដោយចេតនាក្នុងផ្លូវនយោបាយ សម្តេច គិតថា មានតែវិធីស្បថឲ្យរន្ទះបាញ់ ឲ្យងាប់ទាំងពូជ។ ចាំឯកឧត្តម សម រង្ស៊ី មកវិញ សម្តេចនឹងទម្លាយតែម្តង ឥឡូវសម្តេចនិយាយ ជាសាធារណៈ នៅក្នុងសភា តើគណបក្សនានាហ៊ានស្បថទេ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា មុខព្រះអង្គដងកើ បើគណបក្សប្រជាជន លួចសន្លឹកឆ្នោត ឲ្យគណបក្សប្រជាជន ងាប់ទាំងអស់ ត្រូវគ្រាប់ រន្ទះបាញ់ … ប៉ុន្តែបើអ្នកណាភូតភរ ចោទគេខុស អ្នកនឹងក៏ត្រូវដូចគ្នាវិញដែរ រន្ទះបាញ់ទាំងអស់”។
ជាមួយគ្នានោះ សម្តេចតតេជោ ហ៊ុន សែន ក៏បានហៅលោក លិម គឹមយ៉ា តំណាងរាស្ត្រមណ្ឌលកំពង់ធំ គណបក្សសង្គ្រោះជាតិថាៈ “ហ៊ានស្បថទេ បើកាកបាទក្រហមប្រកាន់និន្នាការ ស្បថឲ្យររន្ទះបាញ់ទេ”។ សម្តេច បានបញ្ជាក់ថាៈ “ខ្ញុំមិនមែននិយាយរឿងនឹង ដើម្បីកាន់ជើងប្រពន្ធខ្ញុំទេ ក៏ប៉ុន្តែមនុស្សប៉ុន្មាន ទៅទទួលផលប្រយោជន៍គ្រប់ៗគ្នា ហើយចាំរួចហើយ តាមរយៈវប្បធម៌សន្ទនា ទៅស្បថនៅព្រះអង្គដងកើ គណបក្សណាមិនហ៊ានចូលស្បថអ្នកនោះ គឺនិយាយបោកប្រាស់ប្រជាជន”។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញប្រតិកម្ម នៅក្នុងកិច្ចប្រជុំរដ្ឋសភាកំពុងពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះ ហើយលោកក៍បានស្នើឲ្យមានការចាក់ផ្សាយឡើងវិញនូវការបកស្រាយបំភ្លឺជាង៥ម៉ោងរបស់លោកនៅក្នុងសភារឿងបញ្ហាព្រំដែនផងដែរ។
កិច្ចប្រជុំនាព្រឹកនេះ មានកូរ៉ុម ៩៧រូប ក្រោមអធិបភាពលោក ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ៕