ខេត្តកណ្តាល ៖ ក្មេងស្រីអាយុទើបតែ ៩ឆ្នាំម្នាក់ ត្រូវម៉ាស៊ីនកិនដីក្នុងទីតាំងផលិតឥដ្ឋ កិនដាច់ដៃម្ខាង ខណៈនាងជួយធ្វើការងារជាមួយឪពុកម្តាយ ជាកម្មករឡឥដ្ឋ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសិប្បកម្មឡឥដ្ឋមួយ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ លាង ស្រ៊ុន ។
សាក្សីបានប្រាប់ថា មុនពេលកើតហេតុ ឪពុកម្តាយ ជាអ្នកដាក់ដីចូលក្នុងម៉ាស៊ីន ចំណែកឯកូនស្រីរងគ្រោះ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងលើករៀបឥដ្ឋដាក់លើរទេះ ហើយនៅពេលដែលកំពុងធ្វើការស្រាប់តែ កុមារីរងគ្រោះបានជ្រុលដៃចូលទៅក្នុងម៉ាស៊ីន បណ្តាលឱ្យដាច់ដៃស្តាំម្ខាងត្រឹមក្លៀក ហើយឪពុកម្តាយក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។
កុមារីរងគ្រោះឈ្មោះ ឆេង ស្រីភក្រ្ត័ អាយុ៩ឆ្នាំ ស្នាក់នៅនិងបម្រើការងារក្នុងសិប្បកម្មខាងលើ ជាមួយឪពុកឈ្មោះ ឆេង ប៊ុនហំ អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ៣៣ឆ្នាំ ហើយគ្រួសារខាងលើ មានស្រុកកំណើត ភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្នាក់នៅ និងធ្វើការក្នុងសិប្បកម្មនេះ រយៈពេល៦ឆ្នាំ មកហើយ៕