នាយករដ្ឋមន្ត្រីកម្ពុជាចង់ឲ្យមានទោសប្រហារជីវិតករណីរំលោភផ្លូវភេទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីគំនិត ថា ចង់កែរដ្ឋធម្មនុញ្ញបើកឲ្យមានទោសប្រហារជីវិត ចំពោះជនបានរំលោភបំពានរូបរាងកាយកុមារ មានដូចជា ជីតារំលោភចៅ ឪពុករំលោភកូន ឪពុកមារំលោភក្មួយ បងរំលោភប្អូន។

សម្តេចក៏បានលើកឡើងថា ចង់ឲ្យមានការចូលរួមមតិពីប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល សួរសុខទុក្ខ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១០ មីនា ឆ្នាំ២០១៩។

គួរកត់សម្គាល់ថា ដោយមើលឃើញថា សីលធម៌សង្គមធ្លាក់ចុះ ការរំលោភបំពានផ្លូវភេទលើកុមារ កើតមានគួរឲ្យបារម្ភនៅក្នុងសង្គមកម្ពុជា ជាពិសេស ករណីឪពុករំលោភកូន ជីតារំលោភចៅ ឪពុកមា រំលោភក្មួយ ជាដើម ទើបនាយករដ្ឋមន្ត្រីកម្ពុជា ចង់ឲ្យមានការកាត់ទោសប្រហារជីវិត ចំពោះករណីរំលោភបំពានលើផ្លូវភេទលើកុមារ គ្រប់ទម្រង់។

សម្តេច ហ៊ុន សែន ហៅជនដែលរំលោភកូនខ្លួនឯង ជីតារំលោភចៅ ពូរំលោភក្មួយ ជាជនដែលមានសន្តានជាសត្វតិរច្ឆាន។

នៅក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ គេឃើញនៅលើបណ្តាញសង្គម Facebook បាន អ្នកមិនគាំទ្រ ដោយសារនៅបារម្ភពីបញ្ចេញមតិខុសៗគ្នា ហើយខ្លះគាំទ្រ និងខ្លះមិនគាំទ្រ ដោយពួកគេបង្ហាញថា ប្រព័ន្ធច្បាប់នៅកម្ពុជាដែលគេគិតថា អាចនឹងត្រូវយកទៅប្រើប្រាស់ខុស។

យោងតាមច្បាប់ត្រង់មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានចែងថា ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ឆ្នាំ ទៅ១០ឆ្នាំ។

ការផ្តន្ទាទោសនេះ សំដៅតែលើបទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។ ឯត្រង់មាត្រា២៤៤វិញ គឺបទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ បើបទល្មើសនេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។

ក្រៅពីការផ្តន្ទាទោសដាក់ពន្ធនាគារ មានទោសបន្ថែមផ្សេងៗទៀត ដែលអាចត្រូវប្រកាសចំពោះជនល្មើស ហើយទោសបន្ថែមទាំងនោះ មានចែងក្នុងមាត្រា២៤៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕