ភ្នំពេញ ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងដែលធ្លាប់ធ្វើឲ្យមនុស្សស្លាប់ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានបើកឲ្យលេងជាផ្លូវការវិញហើយ បន្ទាប់ពីបិទអសមួយរយៈខ្លី។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ទីតាំងសង្វៀនជល់មាន់មួយកន្លែងដែលធ្លាប់ធ្វើឲ្យមនុស្សស្លាប់ ខណៈសមត្ថកិច្ចផ្ទុះអាវុធពេលចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅខាងក្រោយផ្សារ កាណាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រហូតមានការផ្ទុះអាវុធដែលបង្កឲ្យ កម្មកររោងចក្រម្នាក់ស្លាប់បាត់បង់ជីវិត។តែពេលនេះប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន ថា ពួកអ្នកដែរញៀនលេងល្បែងបញ្ជល់មាន់បានបើកទីតាំងលេងល្បែងយ៉ាងរលូននៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា ទីតាំសង្វៀនជល់មាន់ខាងលើនេះ បើកលេងយ៉ាងសប្បាយដោយមានការផ្នាល់ចាក់ក្នុងមួយគូៗរាប់លានរៀល អ្នកខ្លះចាញ់អស់លុយរហូតដាក់បញ្ចាំម៉ូតូ ឡាន ដែលអាចឈានទៅដល់កើតមានអំពើហិង្សាក្នុងគ្រួសារទៀតផង។
ប្រភពដដែលបានប្រាប់ថា ទីតាំងខាងលើនេះ មិនមានអ្នកបង្ក្រាបទេ ដោយសារម្ចាស់ទីតាំងបានបង់លុយដាក់ខែដល់លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ រួចរាល់ហើយ។
ប្រជាពលរដ្ឋដែររស់នៅក្បែទីតាំងខាងលើ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខសង្គម ព្រោះថាមួយថ្ងៃៗមានមនុស្សចេញចូលប្លែកមុខរហូត ហើយពេលខ្លះមានសំលេងស្រែកកញ្ជៀវលាន់ឮខ្លាំងៗដែររំខានការរស់នៅរបស់ពួកគាត់ ដោយគ្មានញញើតពីការបង្ក្រាបសោះឡើយ។
លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ មិនអាចទាក់ទងសុំការពន្យល់ពីករណីទីតាំងសង្វៀនជល់មាន់ដែលធ្លាប់បង្កឲ្យមានមនុស្សស្លាប់កាលពីគ្រាមុន ស្រាប់តែឃើញបើកឡើងវិញនៅគ្រានេះ នោះទេ៕