រតនគិរី៖បុរសស្ត្រី២នាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណះពួកគាត់ជិះម៉ូតូឌុបគ្នាចេញពីផ្លូវលំឡើងមកផ្លូវជាតិហើយពើបប្រទះនឹងរថយន្តតាក់ស៊ីក្រុមផ្តាច់ព្រលឹងបុកពេញទំហឹងគួរឲ្យរន្ធត់ក្រៃលែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៨ឧសភា តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកស្ថិតក្នុងភូមិ លូត ឃុំទីងចាក ស្រុកបកែវ ខេត្តរតនគិរី។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូឌុបគ្នា២នាក់ប្តីប្រពន្ធចេញពីផ្លូវលំឡើងសំដៅឡើងមកផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកស្ថិតក្នុងភូមិសាស្ត្រខាងលើ។ខណះនោះស្រាប់មានរថយន្តតាក់ស៊ី ថិតក្នុងក្រុមពួកផ្តាច់ព្រលឹង បានបើកមកដល់ហើយបានបុកម៉ូតូជនរងគ្រោះពេញទំហឹងលាន់សូរដូចរន្ទះធ្វើឲ្យជនរងគ្រោះទាំង២ខ្ទាតបោកផ្ទប់ទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ចំណែកម៉ូតូជាប់ក្រោមរថយន្តអូសប្រមាណជាង១០ម៉ែត្រទៀតទើបឈប់។
ម៉ូតូជនរងគ្រោះម៉ាក វ៉េវឆ្លាមគ្មានស្លាកលេខ ចំណែករថយន្តម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ ២០២១។អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុភ្លាមៗ ។
ជនរងគ្រោះត្រូវគេស្គាល់ថាប្តីឈ្មោះ ខ្លោង ភីត អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ស្លង់ ជីម អាយុ៥២ឆ្នាំ អ្នកទាំងពីរជាជនជាតិទំពួន រស់នៅភូមិលុងឃុងក្នងស្រុកបកែវ។
សាកសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ចំណែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្ថានីយនគរបាលចរាចរ រង់ចាំដោះស្រាយនៅពេលក្រោយ៕ឡុង សារ៉េត