ប្រទេសចំនួន៨ ផ្អាកប្រើប្រាស់យន្តហោះ Boeing 737 MAX របស់ក្រុមហ៊ុនអាមេរិក
បរទេស ៖ បន្ទាប់ពីមានករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅប្រទេស អេត្យូពី បណ្តាលឲ្យមនុស្សចំនួន១៥៧នាក់បានស្លាប់ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍លើពិភពលោកចាប់ផ្តើមព្រួយបារម្ភ ដែលគិតមកត្រឹមថ្ងៃទី១២ ខែមីនា នេះ ប្រទេសចំនួន ៨ហើយ បានសម្រេចផ្អាកប្រើប្រាស់យន្តហោះប្រភេទ Boeing 737 MAX ដែលផលិតឡើងដោយក្រុមហ៊ុនយក្សរបស់អាមេរិក។
យន្តហោះរបស់ក្រុមហ៊ុន Ethiopian Airlines ដែលបានធ្លាក់នោះ គឺជាយន្តហោះប្រភេទដូចគ្នាទៅនឹងយន្តហោះរបស់ក្រុមហ៊ុន Lion Air របស់ឥណ្ឌូណេស៊ី ដែលបានធ្លាក់ក្នុងខែតុលាឆ្នាំ២០១៨។ ក្នុងហេតុការណ៍នេះ អ្នកដំណើរនិងអ្នកបម្រើលើយន្តហោះចំនួន ១៨៩នាក់ បានបាត់បង់ជីវិត។ អ្នកខ្លះយល់ឃើញថា ហេតុការណ៍គ្រោះថ្នាក់នេះ មានភាពស្រដៀងគ្នាខ្លាំង។
គួរជម្រាបថា បច្ចុប្បន្ននេះ យន្តហោះប្រភេទ Boeing 737 MAX ប្រមាណ ៣៥០គ្រឿង កំពុងប្រតិបត្តិការនៅជុំវិញពិភពលោក៕