សម្តេចតេជោ ៖ តុលាការក៏មានបញ្ហាដែរ បើកាត់ក្តីមិនបានត្រឹមត្រូវ
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជំរុញឲ្យកម្លាំងសមត្ថកិច្ចបន្តបង្រ្កាបបទល្មើសគ្រឿងញៀន ដោយមិនត្រូវខ្លាចអ្នកណាទាំងអស់ ទោះបីជាអ្នកនោះ មានអំណាចធំប៉ុនណាក៏ដោយ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើទៅតុលាការផងដែរ ឲ្យកាត់ក្តីសំណុំរឿងបទល្មើសគ្រឿងញៀន ឲ្យបានត្រឹមត្រូវ បើពុំដូច្នេះទេ តុលាការក៏អាចមានបញ្ហាផងដែរ។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២0១៨នៃក្រសួងសុខាភិបាល នៅរសលថ្ងៃទី១២ ខែមីនា ឆ្នាំ២0១៩នេះ។
យ៉ាងណាក៏ដោយ ការថ្លែងរបស់សម្តេចតេជោ ត្រូវបានកត់សម្គាល់ថា មិនមែនជាការលូកដៃ ឬជាការព្រមានប្រព័ន្ធតុលាការនោះឡើយ តែទំនងជាចង់តុលាការកាត់ក្តីឲ្យបានត្រឹមត្រូវលើបទល្មើសគ្រឿងញៀនដែលបញ្ហាប្រឈមរបស់សង្គមជាតិទាំងមូល៕