ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិកាកាបទី២ឃាត់ខ្លួនបានក្រោយពេលធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃមួយគ្រឿងពីក្មេងប្រុសស្រី២នាក់បណ្តាលឱ្យដួលម៉ូតូរងរបួសទាំង២នាក់់បងប្អូន។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិចំកាឪឡឹកសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។
បើយោងតាមសម្តីរបស់ក្មេងប្រុសស្រីរងគ្រោះខាងលើ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូឌុបគ្នាចេញពីផ្ទះបំរុងទៅសាលារៀនលុះដល់ចំនុចផ្លូវជាតិលេខ៤មុខផ្សារជម្ពូវន្ត័សង្កាត់ចោមចៅ៣ ក៍លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីក្មេងស្រីដែលកំពុងជិះម៉ូតូបណ្តាលឱ្យដួលម៉ូតូរងរបួសរលាត់ដៃជើង។
ក្រោយពេលជនសង្ស័យធ្វើសកម្មភាពឆក់បានសម្រេចហើយពួកគេបានព្យាយាមជិះម៉ូតូរត់គេខ្លួនត្រូវបានប្រជាពលរដ្ឋបានឃើញហេតុការណ៍នោះនាំគ្នាជិះម៉ូតូដេញស្រែកផ្អើលឆោឡោដល់កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ ដែលកំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានធ្វើការឡោមពទ្ធ័ឃាត់ខ្លួនបានទាំង២នាក់ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាស្វាគមន៍បែកមុខទើបសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី២ ដើម្បីធ្វើការសាកសួបន្ត និងធ្វើការឆែកឆេរក្នងកែបម៉ូតូរបស់ជនសង្ស័យ បានរកឃើញកាំបិតមួយដើមដែលពួកគេលាក់ទុកនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់បានជិះម៉ូតូមកពីខេត្តកំពង់ស្ពឺ មករកឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលឱកាសល្អ តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចចាប់បាន។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើទី១ ឌីន សំអូន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២៖ឈ្មោះ ខុន សៀងហួត អាយុ១៩ឆ្នាំ មុខរបរជាងសាក់រូប ស្នាក់នៅខេត្តកំពង់ស្ពឺ ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕