ប្រធានសភាកម្ពុជា ទទួលការអញ្ជើញចូលរួមកិច្ចប្រជុំសភាប្រទេសអាស៊ី-អឺរ៉ុប នៅកាហ្សាក់ស្ថាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2019 ក+ ក-

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន សម្តេចអគ្គមហាពាញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែង ការគួរសម ដោយក្នុងជំនួបសវនាកានេះ សម្តេចប្រធានរដ្ឋាភាកម្ពុជាមានប្រសាសន៍គូស បញ្ជាក់ថា កាហ្សាក់ស្ថាន និងកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នាជាង ៦ទសវត្សរ៍មក ហើយ ហើយទំនាក់ទំនងដ៏យូរលង់នេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ។

សម្តេចប្រធានបានបន្តថា បេសកកម្មរបស់ឯកឧត្តម ដែលជាឯកអគ្គរដ្ឋទូតរបស់ កាហ្សាក់ស្ថានប្រចាំកម្ពុជានាពេលនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ កម្ពុជា-កាហ្សាក់ស្ថាន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្នុង ក្របខណ្ឌសភា និងរដ្ឋាភិបាល ឲ្យកាន់តែរស់រវើកថែមទៀត។ ក្នុងនាមរដ្ឋសភា សម្តេចពញា ចក្រី ហេង សំរិន បានសម្តែងការពេញចិត្ត និងគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការដ៏ល្អនេះ ហើយប្រាថ្នាចង់ឃើញនូវការវិវឌ្ឍថ្មីៗថែមទៀត។

សម្តេចលើកឡើងថា ដោយ ឡែកសភាកម្ពុជា និងសភាកាហ្សាក់ស្ថាន ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាហូហែរ តាមរយៈការចូលរួមវេទិកាសភាអន្តរជាតិផេ្សងៗ ដែលសភាប្រទេសទាំងពីរជាសមាជិក ជាមួយគ្នា មានជាអាទិ៍ៈ អាយភីយូ អេភីអេ និង អាសឹប ជាដើម ហើយក្នុងនាមរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចសង្កេតឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៃប្រទេសយើងទំាងពីរ កម្ពុជា-កាហ្សាក់ស្ថាន ហាក់នៅមានកម្រិត នៅឡើយ។ ដូចនេះ សម្តេចស្នើឯកឧត្តមទូតឱ្យជួយជម្រុញពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យទំាងនេះឲ្យកាន់តែរីកចម្រើនថែមទៀត និងសូមជួយផ្សព្វផ្សាយលើកទឹកចិត្តឲ្យអ្នក វិនិយោគ និងប្រជាជនកាហ្សាក់ស្ថានមកពិនិត្យឱកាសវិនិយោគ និងធ្វើទេសចរណ៍កំសាន្ត នៅកម្ពុជា ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទំាងពីរ ឲ្យ កាន់តែជិតស្និទ្ធ។

សូមជម្រាបជូនថា ក្នុងជំនួបនេះ ឯកឧត្តម បេកេតហ្សាន ហ្សូម៉ាខាណូវ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាននាំយកលិខិតអញ្ជើញ ដែលមានចុះហត្ថលេខាដោយប្រធានរដ្ឋសភាម៉ាជីលីស កាហ្សាក់ស្ថាន សភាឌូម៉ារុស្ស៊ី និង សភាកូរ៉េ អញ្ជើញសម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំរិតប្រធានសភា ប្រទេស អាស៊ី-អឺរ៉ុប លើកទី៤ នៅកាហ្សាក់ស្ថាន នាពេលខាងមុខផងដែរ ហើយជាការឆ្លើយតបសម្តេចពញាចក្រី ហេង សំរិន ថា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕