ខេត្តកំពង់ចាម ៖ អគ្គិភ័យដ៏កំណាចមួយ បានឆាបឆេះផ្ទះឈើរបស់ប្រជាពលរដ្ឋអស់ចំនួន២ខ្នង ប្រក់ក្បឿង ខ្ទេចស្ទើរគ្មានសល់ ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ទេ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំង អន្តរាគមន៍ចុះជួយ បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តអស់បីគ្រឿង និងប្រើទឹកបួនរថយន្តផងដែរ។
គូរបញ្ជាក់ផងដែរថា អគ្គិភ័យនេះបានឆាប់ឆេះផ្ទះសម្បែងពលរដ្ឋចំនួន២ខ្នង ខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់មួយចំនួន និងសត្វគោចំនួន២ក្បាលត្រូវអគ្គិភ័យឆេះងាប់ក្នុងភ្លក់ភ្លើង។
លោក គួច ចំរើន បានស្នើឲ្យកងកម្លាំងសមត្ថកិច្ចបន្តខិតខំជួយដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយលើបញ្ហាអគ្គិភ័យ គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋជួយរក្សាទឹក និងមានឧបករណ៍ពន្លត់អគ្គិភ័យប្រចាំផ្ទះរៀងៗ ដើម្បីជួយទប់ស្កាត់បន្ទាន់។
លោកបានជំរុញឲ្យកងកម្លាំងពន្លត់អគ្គិភ័យ បន្តត្រៀមបច្ចេកទេសទឹក ដើម្បីជួយសង្គ្រោះ និងទប់ស្កាត់លើបញ្ហាអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ ៖ សុផល