ភ្នំពេញ ៖ នៅវិមានសន្តិភាពនៅរសៀលថ្ងៃទី១៤ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Nguyen Manh Hung រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោ ហ៊ុន សែនស្នើឲ្យរដ្ឋមន្ត្រីគមនាគមន៏កម្ពុជា វៀតណាមសហការគគ្នា ក្នុងការពង្រឹកធនធានមនុស្សផ្នែកបច្ចេកវិទ្យា ICT។
នៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ លោក Nguyen Manh Hung សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងទាំងពីរធ្វើយ៉ាងណាចែករំលែកបច្ចេកវិទ្យា និងព័ត៌មានគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះថានេះជាកត្តាសំខាន់ដែលអាចជួយកម្ពុជាក្នុងការការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាICT។ លោក Nguyen បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាចំនួន ៤រូបសម្រាប់សិក្សាលើប្រព័ន្ធអេឡិចត្រូនិចICT។ ជាការកត់សំគាល់ វិស័យទូរគមនាគមន៍ប្រទេសវៀតណាម បានបង្កើតនូវបច្ចេកវិទ្យា ការពារសន្តិសុខ តាមបណ្ដាញព័ត៌មាន ដែលអាចតាមដាន ពួកHacker អាចធ្វើការវិភាគទិន្នន័យ និងអាចស្វែងរក និងទប់ស្កាត់ការប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមលោក Nguyen Manh Hung។
លោករដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍វៀតណាមក៏បានជួបពិភាក្សាការងាត ជាមួយ ឯ.ឧ ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជាដោយផ្តោតលើបញ្ហា E-Goverment និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច(Ecommerce) ក៏ដូចជាទីក្រុងឆ្លាតវៃ។ ភាគីទាំងពីរ បានយល់ស្រប ជាមួយគ្នាក្នុងការពិនិត្យ និងប្រើប្រាស់ប្រព័ន្ធ 5G ក៏ដូចជាប្រព័ន្ធបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំឲ្យមាន Data Centers និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មានក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសវៀតណាម ជាពិសេសលើវិស័យប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខនេះ ហើយក៏បានស្វាគមន៍នូវអ្វីដែលបានពិភាក្សា និងការព្រមព្រៀងគ្នាជាមួយ ឯ.ឧ ត្រាំអ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា៕