ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្តេជ្ញាបន្ត លើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ឱ្យមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមរមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍវិស័យការងារប្រកបដោយចីរភាព។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ស្តីពី សេចក្តីព្រាងប្រកាស ស្តីពី ក្រុមប្រឹក្សាចរចា នៃសហជីព និងនិយោជក លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា យន្តការត្រីភាគី និង កិច្ចសន្ទនាសង្គម គឺជាមូលដ្ឋានគ្រឹះ ក្នុងការធានាបានភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលតែងតែអនុវត្តប្រកបដោយប្រសិទ្ធភាព។
ក្នុងស្មារតីនេះ ដើម្បីធានាការអនុវត្តច្បាប់ ស្តីពី សហជីពប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត និងនិយោជកក្នុងការលើកកម្ពស់ សេរីភាព អង្គការវិជ្ជាជីវៈ ជាពិសេសការចរចាជា សមូហភាព ដើម្បីចុះអនុសញ្ញារួម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងប្រកាស ស្តីពី ក្រុមប្រឹក្សាចរចានៃសហជីព និងនិយោជកស្របតាម មាត្រា៧២ នៃច្បាប់ស្តីពីសហជីព ដែលជាកម្មវត្ថុ នៃសិក្ខាសាលាថ្ងៃនេះ។
លោកបានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ចូលរួមពិភាក្សា និងផ្តល់មតិយោបល់ឱ្យបានផុស ផុល ដើម្បីជាធាតុចូលបន្ថែមទៀត ហើយនឹងនៅតែបន្តសហការជាមួយក្រសួង សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងប្រកាសនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
លោក បណ្ឌិត រដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថា្នក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញាបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ នៅកម្ពុជា ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕