គ្រូពេទ្យឯកទេសដាស់តឿនពីការព្យាបាលជំងឺក្រួសក្នុងតម្រងនោមឲ្យបានត្រឹមត្រូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2019 ក+ ក-

សុខភាព ៖ ជំងឺគ្រួសក្នុងតម្រងនោម ក៏អាចសម្លាប់ជីវិតបានផងដែរ ប្រសិនបើអ្នកជំងឺមិនមានការ ព្យាបាលឱ្យជាសះ។ យ៉ាងដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតផ្នែកឯកទេសខាងជំងឺនេះ បានដាស់តឿនពលរដ្ឋ ដែលបានដឹងថា ខ្លួនមានកើតជំងឺគ្រួសក្នុងតម្រងនោមនេះត្រូវទៅធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ និង ទាន់ពេលវេលា។

ថ្លែងក្នុងសន្និសីទសារព័ត៍មានស្តីពីការបើកឱ្យដំណើរការមន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមវេជ្ជបណ្ឌិតរួមមាន លោក វេជ្ជបណ្ឌិត ចាន់ ប៊ុនថន លោកវេជ្ជបណ្ឌិត យី គក់ និង លោកវេជ្ជបណ្ឌិត លី គឹមហ៊ួរ សុទ្ធតែបានគូសបញ្ជាក់ថា ជំងឺគ្រួសក្នុងតម្រងនោម ដែលកើតឡើងដោយសារការទទួល ទានទឹកដែលមានជាតិកំបោរច្រើន គួបផ្សំនិងចំណីអាហារមួយចំនួនទៀតផងនោះ គួរណាស់ អ្នកជម្ងឺត្រូវទៅរកការព្យាបាលឱ្យបានត្រឹមត្រូវ និង ទាន់ពេលវេលា បើមិនដូច្នោះទេ កាលណា ទុកយូរៗទៅវាក៏អាចគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ជាមួយគ្នានេះ ក្រុមវេជ្ជបណ្ឌិតខាងលើបានអះអាងពីសមត្ថភាពរបស់វេជ្ជបណ្ឌិត និង គ្រូពេទ្យក្នុងស្រុក រួមនឹងការធ្វើទំនើបកម្មនៅតាមមន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាលនានា ទាំងរដ្ឋ ទាំងឯកជនក្នុងប្រទេសកម្ពុជា តាមរយៈការបំពាក់គ្រឿងបរិក្ខាពេទ្យល្អៗ ទំនើបទាន់ សម័យ គឺដើម្បីឆ្លើយតបទៅនឹងការពិនិត្យ និង ព្យាបាលជម្ងឺជូនពលរដ្ឋឱ្យកាន់តែមាន ប្រសិទ្ធភាពទ្វេឡើង ក្នុងន័យចង់កាត់បន្ថយការធ្វើដំណើរទៅពិនិត្យ និង ព្យាបាលនៅក្រៅ ប្រទេស ដែលអាចជាការចំណាយប្រាក់កាសច្រើនជាងការព្យាបាលនៅក្នុងស្រុក។

បន្ថែមពីលើនេះ វេជ្ជបណ្ឌិតទាំងបីរូបខាងលើក៏បានលើកឡើងអំពីកត្តាក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ រួមទាំងតម្លៃ និង លទ្ធផលនៃការព្យាបាលផងដែរថា វាមានសារៈ សំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញពលរដ្ឋកម្ពុជា ឱ្យងាកមករកការព្យាបាលនៅក្នុងស្រុក ហើយបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា ប្រធានមន្ទីរសម្រាកព្យាបាល អ៊ិនដ្រា ថាលោកបានគិតគូខ្ពស់ណាស់អំពីបញ្ហាទាំងនេះ ហើយអ្វីដែលគួរកត់សម្គាល់ជាង នេះទៅទៀតនោះ មន្ទីរសម្រាកព្យាបាល អ៊ិនដ្រា បានដាក់ចេញនូវគោលការណ៍មួយក្នុងការ ជួយសម្រាលការចំណាយចំពោះពលរដ្ឋជាអ្នកជម្ងឺដែលមានជីវភាពខ្វះខាតផងដែរ ដើម្បីជា ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កម្ពុជា៕