ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវដល់មជ្ឈដ្ឋានទូទាំងប្រទេសប្រើប្រាស់ទឹក និងអគ្គិសនីដោយសន្សំសំចៃ ដោយសារពេលនេះ កម្ពុជាកំពុងខ្វះទឹកប្រើប្រាស់ និងខ្វះថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់ ក្នុងរដូវប្រាំងឆ្នាំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់។
នៅក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៌បុណ្យទន្លេលើកទី៥ ដែលរៀបចំធ្វើនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានទស្សនាតាមស្តង់ពិព័រណ៌សមិទ្ធផលនៃក្រសួង មន្ទីរ ស្ថាប័ន រួមនិង វិស័យឯកជននានា ដែលបង្ហាញពីសកម្មភាពនិងសក្តានុពលនៅក្នុងតំបន់ជាប់ដងទន្លេសាបមួយនេះ។
ជាចំនុចសំខាន់ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងទាក់ទងនឹងសក្តានុពល និង ស្ថានភាពនៃទឹកទន្លេនោះ សម្តេចក៏បានលើកឡើងដែរថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំនេះ ដែលអាចអូសបន្លាយដល់ខែមិថុនា ដោយសាររងឥទ្ធិពលនៃបាតុភូតធម្មជាតិ ពីក្នុងតំបន់។ បញ្ហាមិនមានប្រភពទឹកគ្រប់គ្រាន់នៅតាមទន្លេទៀតសោត ក៏ជាកត្តាធ្វើអោយ ប្រភពផលិតថាមពលពីវារីអគ្គិសនី ត្រូវថយចុះផងដែរ ដូចនេះទើបធ្វើអោយកម្ពុជា ជួបបញ្ហាខ្វះអគ្គិសនី ដល់ទៅប្រមាណ៤រយមេហ្គាវ៉ាត់ នាពេលនេះ។
ដូចនេះ អ្វីដែលសម្តេចតេជោ អំពាវនាវដល់ប្រជាជនទាំងក្នុងក្រុង និងទីជនបទ ទូទាំងប្រទេស គឺសូមប្រើប្រាស់ទឹក និង អគ្គិសនី ដោយសន្សំសំចៃ។ ដូចគ្នានេះ សម្តេចក៏សូមអោយមានការអធ្យាស្រ័យ ចំពោះបញ្ហាដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ដោយក្នុងនោះ
សម្តេចក៏ស្នើដល់បណ្តាក្រុមហ៊ុនឯកជន និង សណ្ឋាគារជាដើម សូមប្រើប្រាស់ម៉ាស៊ីនភ្លើងជំនួស នៅពេលចាំបាច់។ ទោះជាយ៉ាងណា សម្តេចតេជោ ក៏ថ្លែងបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកំពុងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ ដោយពេលនេះកំពុងរង់ចាំការមកដល់នៃនាវារបស់សាធារណៈរដ្ឋតួរគី ដែលដឹកម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលកម្ពុជាកំពុងជួបបញ្ហានេះ។
ចំពោះខេត្តកំពង់ឆ្នាំងដែលជាប់នឹងទន្លេសាប សម្តេចតេជោ បានផ្តល់អនុសាសន៌ថា ត្រូវតែធ្វើយ៉ាងណាកុំអោយខេត្តនេះ ត្រឹមតែជាតំបន់ អ្នកទេសចរឆ្លងកាត់ហួសទៅហួសមក មានន័យថា ខេត្តនេះត្រូវតែអភិវឌ្ឍតំបន់ទេសចរណ៌ និង បង្កើតអ្វីដែលទាក់ទាញអ្នកទេសចរមកទស្សនា និង កំសាន្តផងដែរ។
សម្តេចតេជោ ក៏បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចហើយថា នឹងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់រវាងខេត្តកំពង់ធំ និង ខេត្តកំពង់ឆ្នាំង ដែលមានប្រវែង ៣.៩០០ម៉ែត្រ បូករួមទាំងផ្លូវកៅស៊ូទៀត គឺប្រវែងជាង ៥៧គីឡូម៉ែត្រ។
យោងតាមរបាយការណ៌របស់អភិបាលខេត្តកំពង់ឆ្នាំង ខេត្តនេះមានទន្លេសាប ហូរកាត់ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកជុលគីរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និង ក្រុងកំពង់ឆ្នាំង ដែលមានប្រវែងសរុប១១០គីឡូម៉ែត្រ។
គួរជម្រាបថា ខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋានទេសចរណ៍ចំនួន ២៣កន្លែង ដោយតាមរយៈការជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៩ នេះ ខេត្តកំពង់ឆ្នាំង រំពឹងថា នឹងជំរុញអោយខេត្តនេះ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយទំនុកចិត្ត៕