ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្រ្តាក់។
តាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា បណ្តាខេត្តដទៃទៀតដូចជា សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យនិងខេត្តព្រះវិហារ ក៏នឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្រ្តាក់ផងដែរ ចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩។
ការជូនដំណឹងខាងលើនេះ បន្ទាប់ពីក្រសួងបានតាមដានស្ថានភាពអាកាសធាតុរួចមក ឃើញថា៖ សម្ពាធទាបនៅលើផ្ទៃដី បន្តគ្របដណ្តប់លើកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជា ក៏ចាប់ផ្តើមទទួលឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ផងដែរ។
ស្ថានភាពអាកាសធាតុបែបនេះ ក៏បានធ្វើឱ្យកម្រិតសីតុណ្ហភាពចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា៖
-បណ្តាខេត្តនៅភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ៖
+សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ពី ២៥ ដល់ ២៧អង្សារសេ និងអតិបរមា ពី ៣០ ដល់ ៣២អង្សារសេ។
-បណ្តារាជធានី-ខេត្តដទៃទៀត៖
+សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ពី ២៥ ដល់ ២៧អង្សារសេ និងអតិបរមា ពី ៣២ ដល់ ៣៥អង្សារសេ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចនឹងកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង៕