ពស់ថ្លាន់​ទម្ងន់​៤០​គ​.​ក្រ រឹត​សត្វ​ជ្រូក​ស្លាប់​អស់បី​ក្បាល​នៅ​ស្រុក​ទឹកឈូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2014 ក+ ក-

ខេត្តកំពត​៖​ពស់ថ្លាន់​ដ៏​ធំ​ទម្ងន់​ប្រមាណ​៤០​គ​.​ក្រ មួយ​ក្បាល​បាន​លបចូល​រឹត​សម្លាប់សត្វ​ជ្រូក​អ្នកស្រុក​ងាប់​អស់​៣​ក្បាល​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។​

​អ្នករាយការណ៍​ព័ត៌មាន​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ក្នុងពេល​កើតហេតុ ទាំង​ម្ចាស់​ជ្រូក​ទាំង​អ្នកភូមិ​មានការ​ភ្ញាក់ផ្អើល និង​រន្ធត់​ក្រៃលែង​ព្រោះ​ឃើញ​សត្វ​ពស់ថ្លាន់​នោះ​វែង ហើយ​ន​ទំហំ​ធំ​សម្បើម​ណាស់ ខណៈដែល​វា​បញ្ចេញ​កម្លាំង​រឹតរួត​សត្វ​ជ្រូក​ចុងក្រោយ បន្ទាប់ពី​វា​បានសម្លាប់​ជ្រូក​ពី​ក្បាល​ដំបូង​ដោយ​គ្មាន​នរណា​ដឹង​រួចមក​។​

អ្នកស្រី លាង ស្រីមុំ អាយុ ៣២​ឆ្នាំ ជា​ម្ចាស់​ជ្រូក​បាន​ប្រាប់​ឲ្យ​ដឹងថា សត្វ​ជ្រូក​បី​ក្បាល​របស់គាត់​មាន​ទម្ងន់​សរុប​ប្រមាណ​ជិត​ពីរ​រយ​គីឡូក្រាម បាន​ងាប់​រដូករណែល​ដោយសារ​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ពស់ថ្លាន់​នោះ​។

អ្នកស្រី​បាន​រំលឹកថា ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ម៉ោង​ប្រហែល​ជាង ១ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ ពេល​ក្រុមគ្រួសារ​គាត់​កំពុង​លង់លក់​ក្នុង​ដំណេក​ស្ងប់ស្ងាត់​ស្រាប់តែ​ឮ​ជ្រូក​ស្រែក​យ៉ាងខ្លាំង​ក្នុង​ទ្រុង​ខាងក្រោយ​ផ្ទះ​ចម្លែក​ជាង​សព្វដង​។ ពេលនោះ​គាត់បា​ន​ហៅ​កូន​ឲ្យចុះទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​យ៉ាង​ធំកំ​ពុងរឹត​ជ្រូក​ក្នុង​ទ្រុង​ធ្វើឱ្យ​កូន​គាត់​ភ័យ​តក់ស្លុត​ញាប់​ញ័រ​ស្រែកហៅ​គាត់​ផ្អើល​អស់អ្នក​ជិតខាង​។​អ្នកភូមិ​បានមក​ជួយ​ចាប់​ពស់​ដោយ​ប្រើពេល​អស់យ៉ាង​យូរ​ទើប​ចាប់​វា​ដាក់ចូល​បាវ​បាន​។​

​ប្រភព​បន្តថា លុះ​ព្រឹក​ឡើង​ទើប​គេ​ថ្លឹង​ពស់ថ្លាន់​មួយ​ក្បាល​នោះ​ឃើញ​មាន​ទម្ងន់ ៤០ គីឡូក្រាម​។ ពួកគាត់​បាន​កិត​ថា​នឹង​ប្រគល់​ពស់ថ្លាន់​នោះ​ទៅ​ឲ្យ​អ្នករក្សា​សួនសត្វ​ទឹកឈូ និង​សុំ​លុយ​ខ្លះ​ពី​អ្នកឧកញ៉ា ញឹម វណ្ណដា ដើម្បី​ទិញ​កូនជ្រូក​ចិញ្ចឹម​ឡើងវិញ ព្រោះ​ជ្រូក​ទាំងនេះ​គាត់​បាន​ខ្ចីលុយ​ពី​អង្គ​ការទិញ​វា​មក​ចិញ្ចឹម​ជាង​បួន​ខែ​ហើយ ៕រដ្ឋា

Untitled-1

Untitled-1                                                                                               រូបថតCEN