តំណាងរាស្ត្រ​បក្សប្រឆាំង​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​វៀតណាម​ពេល​ពិនិត្យ​ចំណុច​ជីក​ស្រះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2015 ក+ ក-

​រតន​គិ​រី៖ការប៉ះទង្គិច​ដោយ​ពាក្យសម្ដី និង​រុញច្រាន​គ្នា​ទៅវិញទៅមក​រវាង​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​សមត្ថ​កិច្ចការ​ពារ​ព្រំដែន​វៀតណាម បាន​កើតឡើង​ជាថ្មីទៀត​ខ​ណៈចុះទៅ​ពិនិត្យមើល​ស្រះ​ទឹក​ចំនួន​៥ ដែល​វៀតណាម​បាន​ជីក​នៅ​តំបន់ហាមឃាត់ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។

​អ្នករាយការណ៍​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹងថា នៅវេលា​ព្រលឹម​ថ្ងៃ​ចន្ទ ទី​០៨​ខែ មិថុនា នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង និស្សិត និង​ប្រជាពលរដ្ឋ​ជាង​២០០​នាក់ បានធ្វើ​ដំណើរ​ទៅ​ព្រំដែន​កម្ពុជា​វៀតណាម ត្រង់ចំណុច​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី គោលបំណង​ធ្វើដំណើរ​ទៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រង់ចំណុច​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា វៀតណាម​ទើបតែ​លួច​ជីក​ស្រះ​ចំនួន​៥​នៅក្នុង​ទឹកដី​ខ្មែរ​។​

​ប្រភព​បន្តថា ខ​ណៈទៅដល់​ទីនោះ គេ​ឃើញ​សមត្ថកិច្ច​វៀតណាម ដែលមាន​ប្រដាប់​ដោយ​ដំបងឆក់ និង​កាំភ្លើង​ផង​នោះ បាន​ប្រើ​កម្លាំង​រុញច្រាន​ក្រុម​អ្នកតំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្នុងពេល​ប៉ះទង្គិច​គ្នា​នោះ ក៏មាន​សមត្ថកិច្ច​ខ្មែរ​ប្រមាណ​ជាង​២០​នាក់ បាន​ជួយ​សម្របសម្រួល​ជា​បន្តបន្ទាប់​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ហិង្សា​កើតឡើង​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នី​វណ្ណ ដែល​បាន​ដឹកនាំ​ការចុះពិនិត្យ​ស្រះ ទឹក​នោះ បាន​អះអាងថា មាន​ស្រះ​ទឹក​យ៉ាងហោចណាស់​ចំនួន​៧ ដែល​វៀតណាម​បាន​ជីក​នៅក្នុង​តំបន់ស ដែលជា​តំបន់ហាមឃាត់ គឺ​ស្រះ​២​ជា​ស្នាម​ជីក​ចាស់ ចំណែក​ស្រះ​ទឹក​៥​ទៀត​ទើបតែ​ជីក​ក្នុងពេល​ថ្មីៗ​នេះ​។​

​លោក ម៉ៅ មុន្នី​វណ្ណ បាន​បញ្ជាក់ថា លោក​នឹងធ្វើ​របាយការណ៍​ជូនទៅ​ប្រធានរដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចាត់វិធានការ​ចំពោះ​ករណីនេះ​ជា​ចាំបាច់​។​

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​ព្រំដែន​កម្ពុជា មិនអាច​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​ករណី​ដែល​ពលរដ្ឋ​ខ្មែរ​អះអាងថា វៀតណាម​បាន​ជីក​ស្រះ​នៅលើ​ទឹកដី​ខ្មែរ​ក្នុង​ខេត្តរតនគិរី​បានទេ កាលពី​រសៀល​ថ្ងៃទី​៨ ឧសភា នេះ​៕​

ដោយ៖​ឡុង សារ៉េត​

kiop

​ទិដ្ឋភាព​ពេល​ចុះទៅពិនិត្យ​ចំណុច​ដែលថា​វៀតណាម​ជីក​ស្រះ​លើដី​ខ្មែរ​