ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអះអាងថា គ្មានភាពចាំបាច់អ្វី ដែលត្រូវប្រើលុយ ទៅទិញទឹកចិត្តឲ្យក្រុមអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យចូលសុំសិទ្ធិធ្វើ នយោបាយនោះទេ ព្រោះនោះជាសិទ្ធិរបស់បុគ្គល។
សម្តេចតេជោ បានថ្លែងបែបនេះ ខណៈសម្តេចចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកក្រគរ ខេត្តពោធិ៏សាត់ នាព្រឹកថ្ងៃទី២០ ខែមីនា នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងចាត់ទុកការចោទប្រកាន់នៃការប្រើលុយដើម្បីទិញទឹកចិត្ត មន្ត្រីអតីតគណបក្សប្រឆាំងទៅសុំសិទ្ធិនយោបាយ ថាជារឿងមើលងាយ និងប្រមាថចំពោះអតីតមន្ត្រីគណបក្សប្រឆាំងទាំងដូចទៅនឹងសត្វធាតុ។ ការប្រកាសទាត់ចោលការចោទប្រកាន់នេះគឺនៅគ្រាដែល មានមន្ត្រីបក្សប្រឆាំងមួយរូបនៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា បានបង្ហោះប្រឌិតថា សម្តេចតេជោ បានប្រើលុយពី១០ទៅ២០ម៉ឺនដុល្លារ ដើម្បីទិញទឹកចិត្តអតីត មន្ត្រីគណបក្សសង្គ្រោះជាតិជាថ្នូរឲ្យទៅនឹងការដាក់ស្នើពាក្យសុំសិទ្ធិធ្វើនយោ បាយឡើងវិញ។ អតីតមន្ត្រីគណបក្សមិនគួរចាត់ទុកសមាជិក សហការីរបស់ខ្លួន ដែលដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញដូចជាទំនិញ ដែលត្រូវគេ ទិញដូរនោះទេ។ សម្តេចតេជោ បានអះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានភាពចាំបាច់អ្វីត្រូវទិញទឹកចិត្តមន្ត្រីគណបក្សប្រឆាំងនោះទេ រាល់ការសុំសិទ្ធិដើម្បីបាននីតិសម្បទានយោបាយឡើងវិញគឺជាសិទ្ធិរបស់ពួកគេ។ បើតាមសម្តេចនឹងនៅតែពិនិត្យ ថាអ្នកណាដែលគួរផ្តល់ និងអ្នកណាដែលមិនគួរផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ មុនដាក់ថ្វាយព្រះមហាក្សត្រ។
ទន្ទឹមជាមួយនឹងការប្រកាសច្រានចោលការចោទប្រកាន់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអតីតមន្ត្រីគណបក្ស ប្រឆាំងមួយចំនួនដែលកំពុងបង្កើតគណៈកម្មការចំពោះកិច្ចនៅតាមឃុំ សង្កាត់ និងចុះជួបឃោសនាជាមួយប្រជាពលរដ្ឋ។ ការធ្វើសកម្មភាពនយោបាយ ដោយមិនទាន់បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ ជារឿងខុស ច្បាប់ ដែលរដ្ឋអំណាចត្រូវចាប់ខ្លួនក្នុងករណី នៅតែបន្តធ្វើសកម្មភាព។
កាលពីថ្ងៃទី១៩ ខែមីនា ម្សិលម៉ិញ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ដោយផ្តល់នីតិសម្បទានយោបាយដល់ អតីតតំណាងរាស្រ្ត និងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន៥រូបផ្សេងទៀត បន្ទាប់ពីពួកគាត់បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ។ អតីតថ្នាក់ដឹកនាំ អតីតCNRP ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា។ ក្រៅអ្នកទាំងពីអ្នកទាំង៩រូបនេះ គឺនៅមានអតីតតំ ណាងរាស្ត្រ និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិចំនួនជាង២០នាក់ ផ្សេងទៀត នឹងបន្តដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ៕