ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណៈប្រតិភូសហគមន៍អឺរ៉ុបដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា គឺមិនទាន់មានកម្រិតអាចជួបពិភាក្សាការងារជាមួយសម្តេចបានឡើយ។ សម្តេចបន្ថែមថា កម្រិតដែលអាចជួបជាមួយនឹងសម្តេចបាន លុះត្រាតែជា មេ EU ឬស្នងការ EU ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ថា «ឥឡូវនេះ គេថា ពេលដែលពួកអឺរ៉ុបទៅជួប ស ខេង និយាយផ្សេង ពេលដែលទៅជួប ប្រាក់ សុខុន និយាយផ្សេង ហើយគេមក មិនជួបជាមួយ ហ៊ុន សែន ទេ។ កម្រិតហ្នឹង អត់ត្រូវជួបជាមួយនឹងហ៊ុន សែន ទេ ជួបធ្វើអី? កម្រិតថ្នាក់នាយកដ្ឋាន ថ្នាក់ស្អីៗហ្នឹង ជួបដល់ឧបនាយករដ្ឋមន្រ្តី វាខ្ពស់ពេកទៅហើយ»។
សូមជម្រាបថា ជាកិច្ចចាប់ផ្តើមដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ លោកស្រី Poala Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំការតំបន់អាស៊ីប៉ាស៊ីហ្វិច និងជាប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុប បានចូលជួបពិភាក្សាជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបទាំង២នេះ គឺដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងអឺរ៉ុប ពោលគឺមិនមានគោលដៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះទេ៕