ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេស ផ្គត់ផ្គង់អគ្គិសនី របស់ប្រទេសតួកគី នឹងមកដល់កម្ពុជា នៅថ្ងៃទី២៣ មីនា នេះ ដើម្បីសិក្សាពីផ្លូវទឹក និងការប្រើប្រាស់អគ្គិសនី ដើម្បីនាំយកនាវាផលិតអគ្គិសនី ពីប្រទេសតួកគី ដែលអាចផលិតថាមពល ២០០មេកាវ៉ាត់ មកផ្គត់ផ្គត់នៅទីក្រុងភ្នំពេញ។
លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពផែនការថាមពលសាធារណៈ (អគ្គិសនី) នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ លោក ថា ក្រុមការងារបច្ចេកទេសតួកគី នឹងមកដល់ប្រហែលជាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា នេះ ដើម្បីពិភាក្សាជាមួយមន្ត្រីជំនាញពីការប្រើប្រាស់ចរន្តអគ្គិសនីរបស់កម្ពុជា និងពិនិត្យមើលផ្លូវទឹកចូលមកតាមទន្លេអ្នកលឿងមករាជធានីភ្នំពេញ។
គួររំឭកថា នាពេលថ្មីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឲ្យលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បន្ថែមនូវបច្ចេកវិទ្យាទំនើបៗ សម្រាប់ការផ្គត់ផ្គង់អគ្គិសនី ខណៈកម្ពុជាបាន និងកំពុងចរចាទិញនាវាផលិតអគ្គិសនីពីប្រទេសតួកគី។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានឲ្យប្រធានអគ្គិសនីកម្ពុជា ប្រញាប់រូតរះទៅប្រទេសតួកគី ដើម្បីចរចានាំយកនាវាផ្ទុកម៉ាស៊ីនភ្លើងឋាមពល ២០០ ម៉េហ្គាវ៉ាត់ មកប្រើប្រាស់ ខណៈកម្ពុជាកំពុងប្រឈមនឹងការខ្វះខាតឋាមពលអគ្គិសនីក្នុងអំឡុងរដូវប្រាំងក្តៅហួតហែងពីពេលនេះ រហូតដល់ខែឧសភា ខាងមុខ៕ (រូបតំណាង)