ព្រះវិហារ ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យកកន្ត្រាក់ ដូចជារបើកដំបូល របើកជញ្ជាំង រលំរាបដល់ដី បាក់ដើមឈើនៅតាមផ្លូវ និងរន្ទះបាញ់មនុស្ស នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងស្រុកចំនួន៣ នៃខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា នៅវេលាម៉ោង៤៖៤៧នាទីល្ងាចថ្ងៃនេះ មានគ្រោះធម្មជាតិភ្លៀងផ្គរ លាយឡំនិងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង រងការខូចខាតរបើកដំបូល និងរលំទាំងស្រុង នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប។ ក្នុងនោះមានផ្ទះ ៦ខ្នងត្រូវរលំទាំងស្រុង និង១៤ខ្នងទៀតរបើកដំបូល របើកជញ្ជាំងនិងមានដើមឈើអមសងខាងផ្លូវ ក៏ត្រូវបានរលំផងដែរ។
លោកអធិការស្រុក បានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផ្គនេះ បណ្តាលឲ្យរន្ទះបាញ់មនុស្សស្រីម្នាក់ផងដែរ តែមិនបណ្តាលឲ្យបាត់បង់ជីវិតនោះទេ ក្រោយការយកចិត្តទុកដាក់ជួយសង្រ្គោះពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ១៦មករា។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានថ្លែងប្រាប់ឲ្យដឹងនៅយប់ថ្ងៃនេះថា នៅស្រុករបស់លោក មានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក៏រងការខូចខាតដូចជារលំទាំងស្រុង និងរបើកដំបូល ដោយសារខ្យល់កន្ត្រាក់នេះផងដែរ។ លោកថាតួលេខបឋម មានរលំទាំងស្រុង៣ខ្នង និងរបើកដំបូល១០ខ្នង ដោយសារពេលនេះមេឃកំពុងភ្លៀងខ្លាំង ពុំអាចរាប់ចំនួនឲ្យពិតប្រាកដបានទេ។
ដោយឡែកនៅស្រុកជ័យសែន ផ្ទះប្រជាពលរដ្ឋ១ខ្នង ក៏ត្រូវបានរងការខូចខាត ដោយខ្យល់កន្ត្រាក់វាយផ្តួលរំលំទាំងស្រុងផងដែរ៕