ខ្យល់កន្ត្រាក់វាយប្រហារផ្ទះ១៣ខ្នង និងរលំដើមឈើសង្កត់សាលារៀន១ខ្នង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2019 ក+ ក-

ឧត្តរមានជ័យ ៖ ភ្លៀងធ្លាក់រាយប៉ាយ ដែលមានលក្ខណៈខ្សោយ និងមធ្យម នៅទូទាំងខេត្តឧត្តរមានជ័យ កាលវេលាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដែលលាយឡំទៅដោយខ្យល់កន្រ្តាក់ បានបណ្ដាលអោយប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ចំនួន ១៣ខ្នង ដែលរបើកដំបូល និងជញ្ជាំងផ្ទះ។

ហើយក្នុងនោះ ដួលរលំខូចខាតទាំងស្រុងមានចំនួន ៣ខ្នង និងរលំដើមឈើលើសង្កត់សាលា រៀនខូចខាត ២បន្ទប់ ស្ថិតនៅភូមិគោកឪឡោក ភូមិចារ ឃុំអំពិល និងមិស៊ីលៀម ភូមិហនុមាណ ភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំពោះគ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះ នៅមិនប៉ះពាល់ទៅលើជីវិត មនុស្ស ឬសត្វណានោះឡើយ។

តាមរបាយការណ៍ របស់មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តឧត្តរមានជ័យ បានអោយដឹងថា អាកាសធាតុ មេឃធ្លាក់ភ្លៀងតាំងពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដែលគ្រប់ដណ្តប់នៅទូទាំងខេត្តឧត្តរមានជ័យ ដែលមានលក្ខណៈខ្សោយរាយប៉ាយលាយឡំនឹងខ្យល់កន្រ្តាក់ វាយប្រហារទៅលើលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន នៅស្រុុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានសាលារៀនមួយខ្នង ក៏បានរងការខូចខាតអស់ចំនួន ២បន្ទប់ ដោយសារខ្យល់រលំដើមឈើសង្កត់។

ចំពោះស្ថានភាព មេឃនៅតែបន្តធ្លាក់ភ្លៀងលក្ខណៈខ្សោយ រហូតដល់ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំដដែលនេះ ទៅលើស្រុុកចំនួន២ ក្នុងខេត្ត ដូចជា ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ៕