ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវឡើងជាប្រធានស្តីទីនៃគណបក្សប្រជាជនកម្ពុជា ដោយស្វ័យប្រវត្តិ ហើយគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំបោះឆ្នោតធ្វើជាប្រធានជាផ្លូវការ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បែបនេះ បន្ទាប់ពីលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ នៅរសៀលថ្ងៃចន្ទទី០៨ ខែសភា ឆ្នាំ២០១៥ វេលាម៉ោង ៣ និង៤៥នាទី។
លោក សួស យ៉ារ៉ា បន្ថែមថា ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើឡើងដោយគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយការបោះឆ្នោតជ្រើសរើស អនុប្រធានគណបក្សក៏គ្នាដែរ។
គួររំលឹកថា ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើសិនជាលោក ជា ស៊ីម ទទួលមរណភាពនោះលោក (លោក ហ៊ុន សែន) នឹងឡើងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយលោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា នឹងឡើងជាប្រធានព្រឹទ្ធសភា៕ ខេមរិន្ទ