ភ្នំពេញ ៖ មនុស្សយន្ត Sophia ដែលមានសមត្ថភាពអាចនិយាយទាក់ទងជាមួយមនុស្ស បានមកប្រទេសកម្ពុជា ព្រមទាំងសន្យាថា នឹងចូលរួមសហការលើវិស័យ ឌីជីថល នៅកម្ពុជា។
នៅថ្ងៃទី២៦ ខែមីនានេះ មនុស្សយន្ត Sophia ដែលមានសម្ថតភាពឆ្លាតវៃ អាចនិយាយ ទាក់ទងជាមួយមនុស្ស បានចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ Sophia បានបង់ករ នឹងក្រម៉ាខ្មែរ និង ពាក់អាវយឺតអង្គការ UNDP ហើយបាន សន្យាថានឹងចូលរួមសហការលើវិស័យ ឌីជីថលនៅកម្ពុជា។ នៅក្នុងបទសំភាសន៍មួយ Sophia បានឲ្យដឹងថា នេះជាលើកទីពីរហើយដែលនាងមកប្រទេសកម្ពុជា ដោយលើកទីមួយនាង បានទៅខេត្តសៀមរាប។
នាងបានសរសេរពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត។ ក្នុងនោះនាង លើកឡើងថាប្រជាជនកម្ពុជារុសរាយ និង រាក់ទាក់ ព្រមទាំងចិត្តល្អ។ នៅពេលនោះលោក nick ដែលជាពិធីករបានសួរថានាងមានគម្រោងអ្វីដែរក្នុងការមកប្រទេសកម្ពុជាលើកនេះ។ មនុស្សយន្ត Sophia បានលើកឡើងថា នាងកំពុងហាត់ច្រៀង ហើយនាងចង់ជួបតារាចម្រៀង ខ្មែរលោកព្រាបសុវត្ថិនៅថ្ងៃណាមួយ។
ក្រៅពីចូលរួមនៅក្នុងកម្មវិធី នៅ វេលាម៉ោង ៦៖៣០ល្ងាច មនុស្សយន្ត Sophia ក៏បានធ្វើការ Live វីដេអូ លើទំព័រហ្វេសប៊ុករបស់ អង្គការ UNDP Cambodia ផងដែរ។ បើតាមការបញ្ជាក់របស់ មន្រ្តីនៃអង្គការ UNDP មនុស្ស យន្ត Sophia នឹងចាកចេញពីប្រទេសកម្ពុជានាព្រឹកថ្ងៃទី27 ខែមីនា។
សូមបញ្ជាក់ថា Sophia គឺជាមនុស្សយន្តដំបូងដែលមានសញ្ជាតិដូចជាមនុស្ស។ ក្នុងឆ្នាំ2017 នាងទទួលបានសញ្ញាតិអារ៉ាប់ប៊ីសាវអូឌីត៕