សម្ដេចតេជោ ហាមដាច់ខាតដោះដូរទីតាំងវិទ្យាស្ថាន CDRI នៅខណ្ឌទួលគោក
ភ្នំពេញ ៖ សម្ដេចតេជោ ហាមដាច់ខាត មិនឲ្យមានការដោះដូរទីតាំងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលកំពុងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាដាច់ខាតនោះឡើយ។
បំរាមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ សម្ដេចទទួលបានសំណើសុំប្ដូរទីតាំង ដោយយកទីតាំងបច្ចុប្បន្ននេះ ប្ដូរជាមួយវិស័យឯកជន ហើយរកទីតាំងថ្មី សម្រាប់វិទ្យាស្ថាន CDRI។ សំណើនេះត្រូវបានសម្ដេចបដិសេធចោលទាំងស្រុង មិនអនុញ្ញាឲ្យមានការផ្ដាស់ប្ដូរទីតាំងអ្វីនោះទេ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាស អញ្ជើញជាអធិបតី បើកសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា លើកទី១៣ ឆ្នាំ២០១៩។ សន្និសីទ នេះធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» ៕