ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ហូរីណូអ៊ូជិ ហ៊ីដិហ៊ីសា បានបញ្ជាក់ថា ជប៉ុនបានផ្តល់ជំនួយក្រោមគម្រោ ងជំនួយអភិវឌ្ឍផ្លូវការ ODA ប្រមាណជិត៤ពាន់លានដុល្លារអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៩១មក។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសដែលអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចុះទស្សនកិច្ចសិក្សាអំពីគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះជប៉ុនបាននិងកំពុងគាំទ្រដល់កម្ពុជាចាប់ពីដំណើរការសន្តិភាពដំបូងតាមរយៈការកសាងឡើងវិញជាបន្តបន្ទាប់ និងរហូតដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ៣ ពាន់៩រយលានដុល្លារអាមេរិកក្រោមជំនួយអភិវឌ្ឍផ្លូវការ(ODA)គិតត្រឹមឆ្នាំសារពើពន្ធ២០១៨។
ឯកអគ្គរាជទូត បានបន្តថា៖ ប្រទេសជប៉ុនគាំទ្រដល់ការពង្រឹងបន្ថែមនូវគ្រឹះសេដ្ឋកិច្ចសង្គម ដើម្បីកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់ត្រឹមឆ្នាំ២០៣០ ដោយផ្តោតលើវិស័យអាទិភាពចំនួនបី៖ (១)ការអភិវឌ្ឍន៍ឧស្សាហកម្ម (២)ការផ្តល់នូវគុណភាពនៃជីវភាពរស់នៅប្រសើរជាងមុន (៣)ការជំរុញឲ្យមានសង្គមប្រកបដោយនិរន្តភាពតាមរយៈការពង្រឹងអភិបាលកិច្ច។
ប្រទេសជប៉ុនបាននិងកំពុងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ក្នុងនោះកសាងហេដ្ឋា រចនា សម្ព័ន្ធសេដ្ឋកិច្ចសង្គមដូចជាផ្លូវថ្នល់ កំពង់ផែ មន្ទីរពេទ្យ សាលារៀន ធនធានមនុស្ស និងប្រព័ន្ធផ្គត់ផ្គង់ទឹក ការលុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការជម្រុញការវិនិយោគជាដើម។ ការបញ្ជាក់ថាកិច្ចខិតខំប្រឹង ប្រែងរបស់យើងត្រូវបានយល់ដឹងយ៉ាងត្រឹមត្រូវ និងគាំទ្រពីប្រជាជនកម្ពុជា និងជប៉ុនគឺសំខាន់។
លោក តូម៉ូហ៊ីរ៉ូ ខាណាតាក លេខាទី១ស្ថានទូតជប៉ុន ទទួលបន្ទុកខាងODA បានឱ្យដឹងថា៖ ជប៉ុនបានបានអនុវត្តជំនួយODAយ៉ាងសកម្មតាំងពីឆ្នាំ១៩៩១។ទឹក ប្រាក់សរុបនៃជំនួយជំនួយអភិវឌ្ឍផ្លូវការ ជាង៣ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះកម្ចីសម្បទាន១ពាន់ ២៧៥លានដុល្លារ ជំនួយឥតសំណងប្រហែល១ ពាន់ ៨៣១លានដុល្លារ និងជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសប្រហែល៧៨៤លានដុល្លារ។
លោកបានបញ្ជាក់បន្ថែមថាទាក់ទងនឹងគម្រោងODAថ្មី ជប៉ុនបានចាប់ផ្តើមគម្រោងសាងសង់ផ្លូវជាតិលេខ៥និងគម្រោងកំពង់ផែកុងតឺនឺថ្មីនៃកំពង់ផែក្រុងព្រះសីហនុដើម្បីលើកកកម្ពស់ការតភ្ជាប់តំបន់និងការអភិវឌ្ឍន៍ឧស្សាហកម្ម។ ក្រៅពីនេះ បាននិងកំពុងសាងប្រព័ន្ធការពារទឹកជំនន់និងលូបង្ហូរទឹក និងគម្រោងពង្រីកខ្សែបញ្ជូននិងចែកចាយនៅរាជធានីភ្នំពេញ ក្នុងគោលបំណ ងផ្តល់ជូននូវគុណភាពជីវិតនិងបរិស្ថានល្អប្រសើរឡើងសម្រាប់អ្នករស់នៅតំបន់ទីក្រុង៕