ភ្នំពេញ ៖ ភរិយាលោក ថោង សារ៉ាត់ ស្រែកយំនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៦ មីនា ម្សិលមិញ បានស្រែកយំនេះក្រោយពេលដែលចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសពីការផ្តន្ទាទោសឱ្យស្វាមីលោកស្រី អតីតឧកញ៉ា ថោង សារ៉ាត់ ជាប់ពន្ធនាគារអស់មួយជីវិត។ លោកស្រី ចាត់ទុកថា នេះជារឿងអយុត្តិធម៌ព្រោះថា លោកស្រី និងស្វាមី មិនដែលស្គាល់ឧកញ៉ា អ៊ឹង ម៉េងជឺ ទេ។ លោកស្រី ក៏បានអំពាវនាវឱ្យសម្តេចនាយករដ្ឋមន្ត្រី កែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។
លោកស្រី ទាវ ធីតា បានស្រែកទាមទារថា « សម្តេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ជាម៉ែជាឪរបស់កូន នៅឯណាហេតុអីមិនចេញមកជួយ? ខ្ញុំសុំប្រាប់កាលពីថ្ងៃទី២២ ប្តីរបស់ខ្ញុំនៅជាមួយខ្ញុំ ខ្ញុំមិនដែលស្គាល់គ្នាជាមួយ អ៊ឹង ម៉េងជឺ ប្តីខ្ញុំក៏មិនដែលស្គាល់គ្នាជាមួយ អ៊ឹង ម៉េងជឺ។ ថ្ងៃទី១ លោកពូ ជួន សុវណ្ណ ឱ្យប្តីខ្ញុំទៅប្រជុំបក្ស ហើយមកវិញគាត់ឱ្យប៉េអឹមតែងខ្លួនជាជនស៊ីវិលចាប់ប្តីខ្ញុំ។ ភ្ជង់កាំភ្លើងគ្មានសាលក្រមគ្មានអីទាំងអស់ ភ្ជង់ដាក់ឡាន។
លោក ស្រី ទាវ ធីតា៖ «អយុត្តិធម៌ណាស់ សម្តេច ហ៊ុន សែន ត្រូវតែធ្វើរឿងនេះឱ្យមានយុត្តិធម៌ ឱ្យមានយុត្តិធម៌ឡើងវិញ បើមិនអ៊ីចឹងទេ ប្រទេសជាតិក្តៅក្រហាយណាស់ គ្មានអ្នកអាចជ្រកកោនបានទេ។
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាត់ទោសលោក ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ និងអង្គរក្ស៤នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ជាថៅកែស៊ីម៉ង់យ៍ត្បូងពេជ្រ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។
ជនជាប់ចោទមានឈ្មោះ ទី១. លោក ថោង សារ៉ាត់ ជាមេក្លោង, ទី២. ឈ្មោះ ស៊ាង វាសនា, ទី៣. ឈ្មោះ មាស សម្បត្តិ , ទី៤. ឈ្មោះ កុយ ចាន់ថុល និងទី៥. ឈ្មោះ ឈុំ ចិត្រា។
សូមរំលឹកថា ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដ៏កក្រើកនៅរាជធានីភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈលោកឧកញ៉ាចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕