កំពង់ចាម ៖ ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និង មនុស្សធម៌ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសង្គ្រោះជីវិត ។
លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត ដែលជាជាកាយវិការប្រកបដោយមនុស្សធម៌ដ៏មានតំលៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់។
ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។
យោងតាមសេចក្តីណែនាំរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបញ្ជាក់ថា អ្នកផ្តល់ឈាមត្រូវមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ៦០ឆ្នាំ មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម។ ស្ត្រីអាចផ្ដល់ឈាមបានក្នុងរយៈពេល ៤ខែម្ដង ចំណែកបុរសអាចផ្ដល់ឈាមបានក្នុងរយៈពេល ៣ខែម្ដង។
អ្នកផ្ដល់ឈាមចំណាយពេលតែ ៤៥នាទីប៉ុណ្ណោះ ក្នុងដំណើរការផ្ដល់ឈាម និងបានទទួលទានអាហារក្រោយពេលផ្ដល់ឈាម។ គ្រូពេទ្យជំនាញនឹងពិនិត្យសុខភាពដើម្បីធានាថា ការផ្ដល់ឈាមប្រព្រឹត្តទៅដោយងាយស្រួលនិងគ្មានការឈឺចាប់៕